លោកត្រាំបញ្ឈប់ការផ្តល់លុយដល់អង្គការសុខភាពពិភពលោក និង ឱ្យអង្គការនេះទទួលខុសត្រូវចំពោះការផ្ទុះកូវីដ១៩ពេញពិភពលោក

ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអង្គារទី១៤មេសាថាលោកបានកាត់ផ្តាច់ការបង់ប្រាក់របស់សហរដ្ឋអាមេរិកដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងអំឡុងពេលកំពុងផ្ទុះជំងឺកូវីដ១៩ ដោយចោទថាអង្គការនេះខកខានមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ឈប់វីរុសនេះពីការរីករាលដាលលើពិភពលោក នៅពេលមេរោគនេះលេចឡើងដំបូងនៅចិន។

លោកត្រាំបានអះអាងថាការផ្ទុះឡើងនៃជំងឺនេះអាចទប់ទល់បាននៅកម្រិតធនធានរបស់អង្គការនេះ ហើយថាជីវិតអាចត្រូវបានជួយសង្គ្រោះប្រសិនបើទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះធ្វើការងារបានល្អប្រសើរ ដោយបើកការស៊ើបអង្កេតរបាយការណ៍ដំបូងដែលចេញមកពីចិន។

លោកត្រាំនិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា "WHO បរាជ័យក្នុងកាតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួនហើយត្រូវតែទទួលខុសត្រូវ"។ លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញនូវសកម្មភាពរបស់អង្គការ WHO ក្នុងការបញ្ឈប់វីរុស មុនពេលធ្វើការសម្រេចចិត្តលើការបន្តផ្តល់ជំនួយ។

មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីអង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវស្តីពីការប្រកាសរបស់លោកត្រាំទេ។ ប៉ុន្តែនៅពេលសួរអំពីលទ្ធភាពនៃការកាត់ថវិការបស់សហរដ្ឋអាមេរិកក្នុងអំឡុងសន្និសីទសារព័ត៌មានជាប្រចាំនៅព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បានឆ្លើយតបថា "មិនថាមានបញ្ហាអ្វីក៏ដោយ ក៏ការងាររបស់យើងនឹងបន្តទៅមុខជាដរាប"។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឆ្លើយតបនឹងការប្រកាសរបស់លោកត្រាំ ដោយនិយាយថាពេលនេះមិនមែនជាពេលវេលាដើម្បីបញ្ឈប់ការគាំទ្រដល់អង្គការសុខភាពពិភពលោកទេ ដោយហៅអង្គការសុខភាពពិភពលោកថា "ពិតជាមានសារៈសំខាន់" ចំពោះកិច្ចប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

លោក Antonio Guterres និយាយថាវាអាចទៅរួចដែលថាអង្គភាពផ្សេងៗគ្នាអានអង្គហេតុផ្សេងៗគ្នា ប៉ុន្តែពេលវេលាសមស្របសម្រាប់ការពិនិត្យឡើងវិញគឺ "នៅពេលដែលយើងបានបើកទំព័រស្តីពីជំងឺរាតត្បាតនេះ"៕ ប្រភព៖ Daily Mail  

adverise with khmeread