adverise with khmeread 1

បោះចោល​គ្រាប់​ផ្លែ​បឺ​រ​រហូត​មែន​ទេ​? អ្នកជំនាញ​និយាយថា​គ្រាប់​បឺ​រ​ជួយ​ការពារ​ឆ្អឹង​ពុក មហារីក ជំងឺ​បេះដូង សុខភាព​ភ្នែក​...

​    ​ដោយ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ ផ្លែ​បឺ​រ ឬ​អា​វ៉ុល​កាដូ (Avocado) ផ្ទុក​ទៅដោយ​សារ​ធារ​ធាតុ​ចិញ្ចឹម​ជាច្រើន ក្នុងនោះ​មាន​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ជិត ២០ មុខ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៣ ខែមីនា​។

​    ​រាប់​ចាប់ពី​ការជំរុញ​សុខភាព​បេះដូង​រហូតដល់​ការការពារ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ទៀត រួមមាន​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក​គ្រប់​ប្រភេទ ក៏ដូចជា​ជួយ​ដល់​សុខភាព​ភ្នែក ផ្លែ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ​គឺជា​ផ្លែឈើ​លាង​មាត់​សម្រាប់​អាហារ​ប្រចាំថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​។

​    ​ប៉ុន្តែ​បន្ទាប់ពី​វះ​យក​សាច់​ផ្លែ​បឺ​រ​រួច​មនុ​ស្សបាន​បោះ​គ្រាប់​វា​ចោល ដោយសារ​យល់ថា​វា​ពុំមាន​តម្លៃ​អ្វី​ទាំងអស់​។ ទោះយ៉ាងណា មាន​វីដេអូ​មួយ​និយាយថា គ្រាប់​បឺ​រ​គឺជា​ផ្នែក​ដែលមាន​សារធាតុចិញ្ចឹម​ច្រើន​បំផុត​ក្នុង​ផ្លែ​បឺ​រ​។ ហើយ​មនុស្ស​ជាច្រើន​មានការ​ងឿងឆ្ងល់​ថា​រឿងនេះ​ជាការ​ពិត​ឬក៏​អត់ ឬ​គ្រាន់តែ​វីដេអូ​ពញ្ញាក់​អារម្មណ៍​ដើម្បី​ឱ្យគេ​ចូល​មើល​ច្រើន​។

​     អ្នកជំនាញ​ខាង​ជីវជាតិ​អាហារ​នៅ​ក្រុង​ញូវយ៉ក លោកស្រី Amy Shapiro មកពី​មជ្ឈមណ្ឌល Real Nutrition NYC បាន​ប្រាប់​វេ​ប​សាយ​ដេលី​មែ​ល​ថា គ្រាប់​បឺ​រ​ពិតជា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ហ្វា​យ​បឺ​រ​មែន​។

​    ​លោកស្រី​បាន​ពន្យល់ថា គ្រាប់​ផ្លែ​បឺ​រអា​ច​កិន​ទៅជា​ម្សៅ រួច​បន្ថែម​ចូល​ទឹក​ផ្លែឈើ​ក្រឡុក ឬ ទឹកដោះគោ​ជូរ​យ៉ា​អួរ​សម្រាប់​បន្ថែម​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​។

​    ​លោកស្រី Amy Shapiro បាន​និយាយថា "​របស់​ដែល​យើង​ចូលចិត្ត​បោះចោល​នេះ​គឺមាន​ប្រសិទ្ធភាព​ដល់​សុខភាព​ខ្លាំងណាស់​"​។

​    ​លោកស្រី​បានលើកឡើង​ថា គ្រាប់​ផ្លែ​បឺ​រ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៧០ ភាគរយ ហើយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដូច្នេះ​មានន័យថា វា​អាចជួយ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​មិនឱ្យ​ឆ្លង​មេរោគ​ក្នុង​ខ្លួន​នោះទេ​។ អ្វីដែល​រឹតតែ​អស្ចារ្យ​គឺថា គ្រាប់​បឺ​រ​សម្បូរ​ទៅដោយ​កាក​សរសៃ​ហ្វា​យ​បឺ​។

​    ​លោកស្រី​ពន្យល់​ទៀតថា "​ជាតិ​ហ្វា​យ​បឺ​បង្កើត​នូវ​បរិយាកាស​ពោរពេញ​ដោយ​សុខ​ភាពល្អ​សម្រាប់​បាក់តេរី​ល្អ​នៅក្នុង​ពោះវៀន​ដើម្បី​បន្ត​រស់​និង​ដើម្បី​កម្ចាត់​បាក់តេរី​មិនល្អ ដែល​បង្ក​ជំងឺ​"​។

​     បើទោះបីជា​វា​មាន​អត្ថប្រយោជន៍​អស្ចារ្យ​ដល់​សុខភាព ប៉ុន្តែ​វា​មាន​រសជាតិ​ល្វីង​ខ្លាំងណាស់ ហេតុដូច្នេះ​ហើយ​បានជា​លោកស្រី​ណែនាំ​ឱ្យ​លាយ​គ្រាប់​បឺ​រដែ​ល​កិន​ម៉ដ្ឋ​លាយ​ជាមួយ​ទឹក​ផ្លែឈើ​ក្រឡុក ឬ​ទឹក​បន្លែ​ក្រឡុក​ដើម្បី​កាត់បន្ថយ​រសជាតិ​ល្វីង​របស់​វា​។

​    ​មួយវិញទៀត​គ្រាប់​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ឆ្អែត​អាហារ​បានយូរ​ពេញ​មួយថ្ងៃ​ថែម​ទៀតផង​។ ចុងបញ្ចប់​លោកស្រី​ណែនាំ​ឱ្យ​ឧស្សាហ៍​ទទួលទាន​គ្រាប់​ផ្លែ​បឺ​រ​ដើម្បី​រក្សា​សុខភាព​ឱ្យបាន​ល្អ និង​ប្រឆាំង​រាល់​ជំងឺ​ចង្រៃ​ជាច្រើន​។

​    ​*​របៀប​ធ្វើឱ្យ​គ្រាប់​ផ្លែ​បឺ​រ​ជា​ម្សៅ​
​    ​- វះ​យក​គ្រាប់​បឺ​រ​ចេញ​
​    ​- រួច​យកទៅ​ដុត​ភ្លើង​ចោល​ប្រហែល​ជិត ២ ម៉ោង​
​    ​- ទុកឱ្យ​ត្រជាក់​រួច​វះ​យក​សំបក​វា​ចេញ​
​    ​- ហាន់សាច់​វា​នៅ​ខាងក្នុង​ជា​កង់ៗ រួច​យកទៅ​កិន​ឱ្យ​ម៉ដ្ឋ​
​    ​- ចុងក្រោយ​លោកអ្នក​អាច​យកទៅ​លាយ​ជាមួយ​ទឹក​បន្លែ​ផ្លែឈើ​ឬ​ទឹកដោះគោ​យ៉ា​អួរ​ដើម្បី​បន្ថយ​រសជាតិ​ល្វីង​របស់​វា​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់