ក្លឹបបាល់ទាត់ចិនសង់កីឡដ្ឋានធំបំផុតលើលោក អាចដាក់ទស្សនិកជនបាន ១០ ម៉ឺននាក់ និងចំណាយសាងសង់អស់ខ្ទង់ ១,៧ ពាន់លានដុល្លារ

ខណៈការរឹតបន្តឹងលើការបិទប្រទេសនៅចិនដើម្បីបន្ថយល្បឿនរបស់មេរោគកូវីដ១៩ត្រូវបានដកចេញសន្សឹមៗ ក្លឹបបាល់ទាត់មួយរបស់ចិនមានបំណងត្រឡប់មកវិញធ្វើគម្រោងធំមហិមាជាងគេតែម្តង។ 

ក្លឹប Guangzhou Evergrande បានប្រកាសថា ការងារបានចាប់ផ្តើមហើយលើគម្រោងសង់កីឡដ្ឋានចំណុះ ១០០.០០០ កៅអី ដែលអាចជាកីឡដ្ឋានធំជាងគេបំផុតនៅលើពិភពលោក។ 

រចនាម៉ូតយកតាមរាងរបស់ផ្កាឈូក កីឡដ្ឋាននេះគ្រោងចំណាយសាងសង់អស់ ១,៧ ពាន់លានដុល្លារ និងសាងសង់រួចជាស្ថាពរក្នុងឆ្នាំ ២០២២។ 

ការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាមួយគោលបំណងធ្វើឱ្យវាក្លាយជាទីតាំងកត់សម្គាល់ថ្មីលំដាប់ពិភពលោក អាចប្រៀបផ្ទឹមបានជាមួយសាលល្ខោនអូប៉េរ៉ាក្នុងទីក្រុងស៊ីដនី និងអគារខ្ពស់ Burj Khalifa ក្នុងទីក្រុងឌូបៃ និងជានិមិត្តរូបសំខាន់នៃបាល់ទាត់ចិនបង្ហាញដល់ពិភពលោក"។ នេះយោងតាមប្រធានក្លឹបលោក Xia Haijun ដែលជាម្ចាស់ក្រុមហ៊ុនអលចលទ្រព្យផងដែរ។ 

ក្លឹប Guangzhou Evergrande លេងនៅកីឡដ្ឋាន Tianhe Stadium ចំណុះ ៦០.០០០ កៅអីតាំងពីឆ្នាំ ២០១១។ 

ចំណុះ ១០០.០០០ កៅអីអាចនឹងវ៉ាឈ្នះចំណុះ ៩៩.៣៥៤ កៅអីនៃកីឡដ្ឋាន Camp Nou របស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបច្ចុប្បន្នជាកីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតលើពិភពលោក៕ ប្រភព៖ CNN

adverise with khmeread