ការសិក្សាមួយរកឃើញថា ពន្លឺព្រះអាទិត្យសម្លាប់វីរុសកូរ៉ូណាបានរហ័ស

យោងតាមការស្រាវជ្រាវថ្មីមួយដែលប្រកាសដោយមន្រ្តីជាន់ខ្ពស់អាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៣មេសាបានឱ្យដឹងថា មេរោគកូរ៉ូណាថ្មីនេះត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សដោយពន្លឺព្រះអាទិត្យ ទោះបីជាការសិក្សានេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនិងរង់ចាំការវាយតម្លៃពីខាងក្រៅក៏ដោយ។

លោក William Bryan ទីប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានរកឃើញថាកាំរស្មី Ultraviolet មានឥទ្ធិពលយ៉ាងខ្លាំងទៅលើមេរោគ ដោយផ្តល់ក្តីសង្ឃឹមថា ការរីករាលដាលរបស់វានឹងអាចធូរស្រាលនៅរដូវក្តៅ។

លោកបាននិយាយថា "ការសង្កេតដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់យើងរហូតមកទល់បច្ចុប្បន្នគឺឥទ្ធិពលដ៏ខ្លាំងក្លារបស់ពន្លឺព្រះអាទិត្យហាក់បានសម្លាប់វីរុសទាំងនៅលើផ្ទៃនិងលើខ្យល់អាកាស។ យើងបានឃើញពីឥទ្ធិពលស្រដៀងគ្នាទាំងសីតុណ្ហភាពនិងសំណើមផងដែរ ដែលការកើនឡើងសីតុណ្ហភាពនិងសំណើមឬជាទូទៅទាំងពីរគឺមេរោគមិនសូវចូលចិត្តទេ"។

ប៉ុន្តែការសិក្សានេះមិនទាន់ត្រូវបានចេញផ្សាយសម្រាប់ការពិនិត្យឡើងវិញទេ ដោយធ្វើឱ្យមានការលំបាកសម្រាប់អ្នកជំនាញឯករាជ្យក្នុងការអត្ថាធិប្បាយអំពីថាតើវិធីសាស្រ្តស្រាវជ្រាវមានភាពរឹងមាំកម្រិតណា។

គេបានស្គាល់ជាយូរមកហើយថាពន្លឺ Ultraviolet មានឥទ្ធិពលខ្លាំងក្លាក្នុងការសម្លាប់មេរោគ ដោយសារវិទ្យុសកម្មរបស់វាបំផ្លាញវត្ថុធាតុហ្សែនរបស់វីរុសនិងសមត្ថភាពចម្លងរបស់វា។ ទោះយ៉ាងណាសំណួរសំខាន់គឺអាំងតង់ស៊ីតេនិងរលកពន្លឺកាំរស្មី Ultraviolet ដែលត្រូវបានប្រើក្នុងការពិសោធន៍ហើយថាតើវាបានធ្វើត្រាប់តាមលក្ខខណ្ឌពន្លឺធម្មជាតិនៅរដូវក្តៅដែរឬអត់។

លោក Benjamin Neuman ប្រធានវិទ្យាសាស្ត្រជីវសាស្ត្រនៅសាកលវិទ្យាល័យ Texas A&M University-Texarkana បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "វាជាការប្រសើរដែលដឹងថាតើការធ្វើតេស្តនេះត្រូវបានធ្វើឡើងយ៉ាងម៉េច ហើយតើលទ្ធផលត្រូវបានវាស់វែងយ៉ាងដូចម្តេច"៕

adverise with khmeread