ចារកម្មអាមេរិកនិយាយថាកូវីដ១៩មិនមែនបង្កើតឡើងដោយមនុស្សទេ

នាយកការិយាល័យស៊ើបការណ៍ជាតិ (ODNI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០មេសាថា សហគមន៍ចារកម្មសម្ងាត់របស់អាមេរិកបានសន្និដ្ឋានថា វីរុសកូរ៉ូណាមិនមែនបង្កើតឡើងដោយមនុស្ស ឬក៏កែប្រែហ្សែនអ្វីនោះទេ ប៉ុន្ដែការស៊ើបអង្កេតអំពីដើមកំណើតនៃការផ្ទុះឡើងនៃមេរោគនេះកំពុងបន្ត។

ODNI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សហគមន៍ស៊ើបការណ៍សម្ងាត់ទាំងមូលបានផ្តល់ការគាំទ្រជាប្រចាំដល់អ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកនិងអ្នកដែលឆ្លើយតបនឹងកូវីដ១៩ ដែលមានប្រភពដើមក្នុងប្រទេសចិន។ សហគមន៍ស៊ើបការណ៍សម្ងាត់ឯកភាពមូលមតិគ្នាជាមួយនឹងអ្នកវិទ្យាសាស្ត្រថា កូវីដ១៩ មិនត្រូវបានបង្កើតដោយមនុស្សឬកែប្រែហ្សែននោះទេ"។

ODNI និយាយថា ចារកម្មអាមេរិកនឹងបន្តពិនិត្យឱ្យបានហ្មត់ចត់នូវព័ត៌មាន និងការស៊ើបការណ៍ដែលកំពុងលេចចេញឡើង ដើម្បីកំណត់ថាតើការផ្ទុះឡើងនៃមេរោគនេះបានចាប់ផ្តើមមានទំនាក់ទំនងជាមួយសត្វ ដែលមានជំងឺ ឬថាតើវាជាលទ្ធផលនៃគ្រោះថ្នាក់នៅមន្ទីរពិសោធន៍មួយក្នុងទីក្រុងវូហានឬយ៉ាងណានោះ៕ ប្រភព៖ CBS News

 

adverise with khmeread