adverise with khmeread 1

​ផ្កាយដុះកន្ទុយ​ពណ៌​បៃតង​ដ៏​ភ្លឺ​មិន​ធ្លាប់មាន​ពីមុនមក​ចាប់ផ្តើម​រះ​ពី​ថ្ងៃទី ២៩ ដល់ ៣១ មីនា (​ខ្មែរ​ក៏​មើលឃើញ​ដែរ​)

​    ​ផ្កាយដុះកន្ទុយ​ពណ៌​បៃតង​ដ៏​ភ្លឺ​មួយ​នឹងធ្វើ​ដំណើរ​ចូលមក​អឌ្ឍគោល​ខាងជើង ហើយ​លោកអ្នក​ក៏​អាច​មើលឃើញ​វា​ផងដែរ​។​

​    ​ដុំថ្ម​ទឹក​ក​អវកាស​ដែលមាន​ឈ្មោះថា ផ្កាយដុះកន្ទុយ​លី​នេ​អ៊ែរ (Comet Linear) នឹង​បង្ហាញខ្លួន​ក្នុង​សប្តាហ៍​នេះ ហើយ​វា​នឹង​បញ្ចេញ​ពន្លឺ​ដ៏​ភ្លឺ​ដល់​ទៅ ១០០ ដង ជាង​អ្វីដែល​តារាវិទូ​បាន​រំពឹងទុក​ទៅទៀត​។​

​    ​អ្នក​សង្កេត​នៅ​អឌ្ឍគោល​ខាងត្បូង បាន​មើលឃើញ​ផ្កាយដុះកន្ទុយ​នេះ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​វា​បាន​ឆ្លងកាត់​ផែនដី​ក្នុង​ចម្ងាយ ៥,៣ លាន​គីឡូម៉ែត្រ​។​

​    ​បច្ចុប្បន្ន ផ្កាយដុះកន្ទុយ​លី​នេ​អ៊ែរ​នេះ​កំពុង​ប្តូរ​ទីតាំង​យ៉ាង​ឆាប់រហ័ស​ទៅ​អឌ្ឍគោល​ខាងជើង​។ ប៉ុន្តែ​ដោយសារ​ពន្លឺ​ព្រះ​ចន្ទ​អ្នក​ប្រហែលជា​ត្រូវការ​កែវ​យឺត​តូច​មួយ​ដើម្បី​គយគន់​វា​។​

​    ​លោកអ្នក​ដែល​រង់​ចាំមើល​ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ងើប​ពី​ព្រលឹម​មួយ​ម៉ោង​កន្លះ​មុន​ព្រះអាទិត្យ​រះ នៅ​ទីតាំង​ដែល​គ្មាន​អ័ព្ទ​តាមតែ​អាចទៅរួច​។​

​    ​ផ្កាយដុះកន្ទុយ​នេះ​នឹងធ្វើ​ដំណើរ​រវាង​កញ្ចុំ​ផ្កាយ ធ្នូ​រាសី (Sagittarius) និង វិ​ច្ឆ​ក​រាសី (Scorpius) ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​មេឃ​មុននឹង​ព្រះអាទិត្យ​រះ​។​

    ​បើ​យោងតាម​វេ​ប​សាយ Sky & Telescope បានឱ្យដឹងថា រាល់ពេល​ព្រឹក ផ្កាយដុះកន្ទុយ​នេះ​នឹង​កាន់តែ​ភ្លឺ​ជាមួយនឹង​ផ្កាយ​ដែល​ស្ថិតនៅ​ជុំវិញ​វា​។ ភព​អង្គារ​និង​ភព​សៅរ៍​ក៏​ស្ថិតនៅលើ​មេឃ​ដំណាលគ្នា​នេះដែរ​។ ភព​ទាំងពីរ​និង​ផ្កាយ​ដ៏​ភ្លឺ​ឈ្មោះ Antares គឺជា​អ្វីដែល​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​មុនគេ ដែល​វា​នឹង​ផ្គុំ​គ្នា​បានជា​ត្រីកោណ​មួយ​។​

​    ​ផ្កាយដុះកន្ទុយ​លី​នេ​អ៊ែរ​នឹងធ្វើ​ដំណើរ​ទៅខាង​ឆ្វេង​នៃ​ត្រីកោណ​នេះ ដោយ​ស្រប​ជាមួយនឹង​ភព​អង្គារ​និង​ភព​សៅរ៍​នាពេល​ទាបភ្លឺ​នៅ​ថ្ងៃទី ២៩ ខែមីនា ហើយនឹង​ស្រប​នឹង​ខ្សែបន្ទាត់​រវាង​ភព​សៅរ៍​និង​ផ្កាយ Antares នៅ​ថ្ងៃទី ៣១ ខែ​ដដែល​។

    បញ្ជាក់៖ ផ្កាយដុះកន្ទុយនេះវារះនៅពីក្រោយព្រះចន្ទនៅអឌ្ឍគោលខាងជើងរបស់យើង ប៉ុន្តែយើងនៅតែអាចឃើញវាដោយសារតែពន្លឺពណ៌បៃតងភ្លឹបភ្លែតដ៏ភ្លឺនៅពីក្រោយព្រះចន្ទ៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់