adverise with khmeread 0

លោក​ស្ទី​វ ចប​បាន​ទម្លាក់ iPod គំរូ​ដំបូង​ចូល​អាង​ចិញ្ចឹម​ត្រី ចាប់តាំងពី​ពេលនោះ​មក​ទើប​មាន iPhone សព្វថ្ងៃនេះ​

    ​លោក​ស្ទី​វ ចប​ត្រូវគេ​ល្បី​ថា​ពូកែ​លើកយក​អំណះអំណាង​មក​ការពារ​ដែល​គេ​មិនអាច​ប្រកែក​តវ៉ា​បាន​នោះឡើយ ជាក់ស្តែង​ដូច​ករណី​ដែល​ក្រុមហ៊ុន Apple ចាប់ផ្តើម​ចេញ​ម៉ូត iPod ដំបូង​អ៊ីចឹង​។

​    ​អតីត​បុគ្គលិក​ក្រុមហ៊ុន Apple លោក Amit Chaudhary ថ្មីៗ​នេះ​បាន​សរសេរ​អំពី​ប្រតិកម្ម​របស់លោក ស្ទី​វ ចប​ពេល​ឃើញ​ម៉ូត iPod គំរូ​លើកដំបូង ដែល​ពេលនោះ​លោក​ស្ទី​វ ចប​គ្រាន់តែ​ឃើញ​ម៉ូ​តវា​ភ្លាម គាត់​បាន​ទាញ​វា​ទៅ​ទម្លាក់​ចូល​អាង​ចិញ្ចឹម​ត្រី​ភ្លាម​។

​    ​នៅពេល​ក្រុម​វិស្វករ​ផលិត​បាន iPod គំរូ​ដំបូង​ភ្លាម ពួកគេ​ក៏បាន​យក​វា​មក​បង្ហាញ​ដល់​លោក​ស្ទី​វ ចប ដើម្បី​សុំ​ការយល់ព្រម​ពី​គាត់​។ លោក​ចប​បាន​ចុច​មើល iPod នោះ ពិនិត្យ​ពិ​ច្ច័​យ​លើ​វា​យ៉ាង​ហ្មត់ចត់ ថ្លឹង​វា​នៅលើ​ដៃ​របស់គាត់ ហើយ​ភ្លាមនោះ​គាត់​ក៏បាន​បដិសេធ​ឧបករណ៍​នោះ​ភ្លែត ព្រោះ​វា​ធំ​ខ្លាំងពេក​។

​    ​ពួក​វិស្វករ​បាន​ពន្យល់ថា ពួកគេ​ត្រូវ​ចំណាយពេល​រក​វិធី​បង្កើត​ថ្មី​ដើម្បី​ផលិត iPod នេះ​ឡើង ដូច្នេះហើយ​គ្មាន​វិធី​ណា​ផ្សេង​អាចធ្វើ​វា​ឱ្យ​តូច​ជាង​នេះ​បានឡើយ​។ លោក​ស្ទី​វ ចប​នៅ​ស្ងៀម​មួយសន្ទុះ​។ រួច​គាត់​ក្រោកឈរឡើង ដើរ​សំដៅទៅ​អាង​ចិញ្ចឹម​ត្រី ហើយ​ទម្លាក់ iPod នោះ​ចូល​អាងទឹក​។ បន្ទាប់ពី iPod នោះ​ធ្លាក់​ដល់​បាត ពពុះ​ក៏​ចាប់ផ្តើម​អណ្តែត​ឡើងលើ​។

​    ​លោក​ស្ទី​វ ចប​បាន​និយាយថា "​ទាំងនោះ​ជា​ពពុះទឹក​។ ដូច្នេះ​មានន័យថា មាន​ចន្លោះ​ទំនេរ​នៅក្នុង​នោះ​។ អ៊ីចឹង​ត្រូវធ្វើ​វា​ឱ្យ​តូច​ជាង​នេះ​"​។

​    ​វា​ជា​មេរៀន​មួយ​ដែល​ធ្វើឱ្យ​ពួក​វិស្វករ​របស់​ក្រុមហ៊ុន Apple ទាល់គំនិត​ជាខ្លាំង​។ ប៉ុន្តែ​ក្រុម​វិស្វករ​បាន​ខិតខំ​រក​វិធី​ធ្វើឱ្យ iPod នោះ​តូច​ទាល់តែ​បាន ដើម្បី​សម្រេច​បំណង​របស់លោក​ស្ទី​វ ចប​។  

​    ​iPod គំរូ​ដំបូង​គេ​មាន​កម្រាស់ ១៩,៨ មិល្លីម៉ែត្រ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក iPod ចុងៗ​ក្រោយ​របស់ Apple មាន​កម្រាស់​ត្រឹមតែ ៦,១ មិល្លីម៉ែត្រ​ប៉ុណ្ណោះ ហើយ​រាល់កន្លែង​ទំនេរ​ទាំងអស់​ត្រូវបាន​ប្រើប្រាស់​គ្មាន​សល់​។ ដោយសារតែ​ភាព​មានះ​ចង់បាន​អ្វីដែល​ល្អឥតខ្ចោះ​នេះហើយ​ទើប iPhone ដ៏​ស្តើង​បាន​លេចមុខ​លើ​ទីផ្សារ​សព្វថ្ងៃនេះ​៕

adverise with khmeread
ប្រភព៖ Businnessinsider

អ្នកនឹងចូលចិត្ត

មតិយោបល់