រូបថតគ្រួសារតាំងនៅលើជញ្ជាំង តាមក្បួនហុងស៊ុយអឺរ៉ុប បើថតត្រូវតាមក្បួននឹងនាំឱ្យគ្រួសាររស់នៅចុះសម្រុងគ្នា រកស៊ីមានបាន សុខភាពល្អ អាយុវែង

យោងតាមគ្រូហុងស៊ុយអឺរ៉ុបម្នាក់ឈ្មោះថា Sally Painter ការដែលចេះក្បួនថតតែប៉ុន្មានស្នៀតប៉ុណ្ណោះនឹងជួយឱ្យលោកអ្នករៀបចំហុងស៊ុយរូបថតគ្រួសារបានយ៉ាងល្អ។ រូបថតគ្រួសារគឺជាឧបករណ៍ហុងស៊ុយដ៏ខ្លាំងក្លា ដែលអាចទាក់ទាញទ្រព្យសម្បត្តិមហាសាល លាភសំណាង និង ជោគជ័យសម្រាប់គ្រួសារទាំងមូល។ 

* ការរៀបចំប្លង់ល្អបំផុតសម្រាប់ថតរូបគ្រួសាររបស់អ្នក
ក្បួនហុងស៊ុយអាចជួយរៀបចំប្លង់ថតរូបគ្រួសារ និងអាចកំណត់នូវអ្វីដែលអ្នកចង់ធ្វើ និងអ្វីដែលអ្នកគួរចៀសវាង។ ក្បួនសំខាន់បំផុតគឺត្រូវចៀសវាងថតរូបគ្រួសារដោយការឈរឬអង្គុយតម្រៀបជួរគ្នាត្រង់ផ្លឹង។ ទីតាំងល្អបំផុតសម្រាប់ឪពុកម្តាយឬអាណាព្យាបាលគឺត្រូវអង្គុយនៅចំកណ្តាលនៃរូបថត។ បន្ទាប់មក កូនៗគួរឈរនៅជុំវិញឪពុកម្តាយ។ 

១. ប្លង់ថតជារាងត្រីកោណ
ឧទាហរណ៍ថា សមាជិកគ្រួសាររបស់អ្នកមានគ្នា៣នាក់ ដែលជួនកាលអាចមានឪពុកម្តាយនិងកូនម្នាក់ ឬជួនកាលអាចមានតែអាណាព្យាបាលម្នាក់និងកូន២នាក់ តើលោកអ្នកត្រូវថតជារាងត្រីកោណរបៀបម៉េច?
- ឪពុកម្តាយគួរអង្គុយជាមួយគ្នានៅខាងមុខហើយកូនឈរនៅខាងក្រោយខ្នង ឬ បើកូនតូចពេកអាចដាក់ឱ្យអង្គុយនៅចន្លោះខាងមុខឪពុកម្តាយ។ រៀបចំការថតឱ្យចេញជារាងត្រីកោណនឹងនាំមកនូវសំណាងល្អ ក្តីស្រឡាញ់ ភាព​សុខដុម និងសុភមង្គល។
- ប្រសិនបើមានអាណាព្យាបាលតែម្នាក់ ចឹងគាត់គួរអង្គុយនៅកណ្តាល ហើយកូនពីរនាក់ទៀតឈរអមពីខាងក្រោយខ្នង ដោយឈរយ៉ាងណាឱ្យចេញជារាងត្រីកោណ។ ប្រសិនបើមានអាណាព្យាបាលតែម្នាក់ និងកូនលើសពី២នាក់ គឺម្តាយឬឪពុកនោះត្រូវអង្គុយនៅកណ្តាល ហើយឱ្យកូនៗអង្គុយអមជុំវិញមិនថាពីមុខឬពីក្រោយ ដោយធ្វើយ៉ាងណាត្រូវបង្កើតជារាងត្រីកោណជាការស្រេច។ 


- គ្រួសារធំក៏អាចយករាងត្រីកោណមកអនុវត្តបានដែរ ដោយហេតុថាក្បួននេះមិនកំហិតសម្រាប់តែគ្រួសារតូចនោះទេ។  
- ប្រសិនបើគ្រួសារអ្នកមានគ្នាតែ២នាក់ អ្នកគួរអង្គុយកៀកកើយគ្នាយ៉ាងណាឱ្យចេញជារាងត្រីកោណជាការស្រេច។ 

២. ប្លង់ថតរាងការ៉េ
ប្លង់ថតរាងការ៉េនេះគឺនាំមកនូវភាពថ្កុំថ្កើងនិងភ័ព្វសំណាងមកដល់គ្រួសារ។ ក្នុងករណីនេះ ឪពុកម្តាយទាំងពីរគួរអង្គុយទន្ទឹមគ្នា និងកូនៗឈរនៅពីក្រោយ។ (ករណីកូនតូចគួរដាក់លើភ្លៅឪពុកម្តាយ)។ សមាជិកលើសពី៤នាក់ទៅគួរថតជារាងការ៉េ តែមិនដាច់ខាតទេ។ 

៣. ប្លង់ថតរាងរង្វង់
ប្លង់ថតនេះក៏នាំមកនូវលាភសំណាងនិងភាពរីកចម្រើនដល់គ្រួសារដែរ។ វិធីថតងាយស្រួលបំផុត គឺឪពុកម្តាយឈរនៅកណ្តាល ហើយកូនៗឈរព័ទ្ធជុំវិញរាងជារង្វង់។ 

* ការរៀបចំផ្ទៃខាងក្រោយ
ផ្ទៃខាងក្រោយនៃរូបថតគ្រួសារក៏សំខាន់ខ្លាំងដែរ។ នៅផ្ទៃខាងក្រោយ អ្នកគួររៀបចំអ្វីៗដែលនាំមកនូវលាភសំណាង ភាពចម្រុងចម្រើន សុភមង្គល ភាព​សុខដុម ទ្រព្យសម្បត្តិ និងឋានៈ (រូបសេះ រូបផ្កា រូបទេសភាពភ្នំ រូបទឹក រូបត្រី រូបទឹកធ្លាក់...)។ ការតុបតែងផ្ទៃខាងក្រោយដែលនាំមកនូវគុណសម្បត្តិដូចរៀបរាប់ទាំងនោះនឹងនាំមកនូវថាមពលវិជ្ជមាននិងទាក់ទាញទ្រព្យសម្បត្តិចូលមកគ្រួសារ។

បម្រាមពេលថតរូបគ្រួសារ ៖ 
- រូបថតគ្រួសារមិនគួរថតឱ្យឃើញបង្អួច
- កម្រាលព្រំគួរបូមដីឱ្យអស់ និងមើលទៅថ្មី
- ឥដ្ឋការ៉ូគួរជូតឱ្យរលោង
- គ្រឿងសង្ហារឹមមិនត្រូវមានដីប្រឡាក់
- បើតុបតែងរុក្ខជាតិឬផ្កានៅក្នុងរូបថតគ្រួសារ វាគួរតែជារុក្ខជាតិឬផ្កាស្រស់និងមានសុខភាពល្អ
- ត្រូវរៀបចំពន្លឺឱ្យគ្រប់គ្រាន់ ហាមមានស្រមោល


- ថតនៅបន្ទប់ធំទូលាយ ដែលអាចដាក់សមាជិកគ្រួសារបានគ្រប់គ្នា (មិនអាចខ្វះសមាជិកណាម្នាក់ឡើយ) ព្រោះការបាត់សមាជិកណាម្នាក់ក្នុងគ្រួសារនឹងនាំមកនូវថាមពលអវិជ្ជមានចូលគ្រួសារ។ 
- ហាមសមាជិកណាម្នាក់អង្គុយលើបង្កាន់ដៃកៅអី ព្រោះនឹងនាំឱ្យអ្នកនោះមិនចុះសម្រុងនឹងសមាជិកគ្រួសារដទៃទៀត។


- សមាជិកគ្រួសារទាំងអស់ត្រូវញញឹមទាំងអស់គ្នាដាច់ខាត។ 
- សមាជិកគ្រួសារគួរស្លៀកពាក់ឱ្យបានស្អាតបាតបំផុត មិនត្រូវស្លៀកពាក់រោករាកនោះឡើយ។
- រូបថតគ្រួសារត្រូវតាំងនៅលើជញ្ជាំងឱ្យធំជាងរូបដទៃទៀត៕ 
 

adverise with khmeread