កូវីដ១៩មិនគ្រាន់ជាជំងឺផ្លូវដង្ហើមប៉ុណ្ណោះទេ វាវាយប្រហាររាងកាយទាំងមូល

អ្នកជំងឺជនជាតិអាមេរិកម្នាក់មិនមានបញ្ហាអ្វីទេក្នុងរយៈពេល ១០ ថ្ងៃដំបូង នៅពេលគាត់ឆ្លងកូវីដ១៩។

មានអាយុទើប ៣៨ ឆ្នាំ គាត់មិនសមទំនងជាប់ក្នុងប្រភេទមនុស្សដែលមានហានិភ័យខ្ពស់ពីជំងឺនេះទេ។

វេជ្ជបណ្ឌិត Sean Wengerter ដែលជាគ្រូពេទ្យវះកាត់សរសៃឈាមនៅទីក្រុង Pomona រដ្ឋញូវយ៉ក បាននិយាយថា "គាត់ (អ្នកជំងឺ) មានរោគសញ្ញាស្ទះសួតស្រាលដែលគាត់អាចអង្គុយនៅផ្ទះជាមួយអាការៈនេះបាន។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅគ្លីនិកមួយ ហើយគាត់មិនមានបញ្ហាអីទេនៅផ្ទះ។ គាត់គ្រាន់តែក្អកតិចតួចប៉ុណ្ណោះ"។

ផលប៉ះពាល់គួរឱ្យភ្ញាក់ផ្អើលរបស់កូវីដ១៩ក្រោយមកក៏បានចាប់ផ្តើម។

លោក Wengerter ប្រធានផ្នែកវះកាត់សរសៃឈាមនៅមន្ទីរពេទ្យ Good Samaritan នៃមណ្ឌលវេជ្ជពេទ្យ Westchester បាននិយាយថា "បន្ទាប់មក គាត់ភ្ញាក់ឡើងទាំងជើងស្ពឹកនិងគ្រុនញាក់ហើយខ្សោយដូច្នេះគាត់មិនអាចដើរបានទេ"។

អ្នកជំងឺវ័យក្មេងនោះមានបញ្ហាកកឈាមក្នុងសរសៃឈាមធំនៅលើជើងនីមួយៗរបស់គាត់ ទើបបណ្តាលឱ្យស្ពឹកជើងទាំងសងខាង ព្រោះពុំមានឈាមហូរចូលទៅសរសៃអ៊ីឡាក់ (Illiac)។ 

លោក Wengerter និយាយថា នេះជាការវិវត្តដ៏គ្រោះថ្នាក់បំផុត ដែលអាចសម្លាប់អ្នកជំងឺពី២០ទៅ៥០ភាគរយ។ លោកបានប្រាប់ CNN ថា "រឿងនេះមិនមែនចេះតែកើតឡើងងាយៗចំពោះអ្នកជំងឺអាយុ ៣៨ ឆ្នាំនោះទេ"។

ការវះកាត់យកឈាមកកចេញពីសរសៃធំបានសង្គ្រោះជីវិតអ្នកជំងឺរូបនេះ។ 

ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលអ្នកជំងឺកូវីដ១៩បានប្រទះឃើញរោគសញ្ញាប្លែកៗនិងគួរឱ្យខ្លាចជាច្រើន រួមមានការកកឈាមគ្រប់សរសៃនៅក្នុងរាងកាយ ការខ្សោយក្រលៀន ការរលាកបេះដូង និងបញ្ហាជំពាក់ជំពិនជាច្រើនជាមួយប្រព័ន្ធភាពស៊ាំ៕ ប្រភព៖ CNN

adverise with khmeread