adverise with khmeread 2

ល្បែង​គោះត្រឡោក​

    ​ល្បែង​គោះត្រឡោក ជា​ល្បែង​មួយ​យ៉ាង​ដែល​មនុស្ស​ប្រុស​ជំទង់ៗ​ឬ​ចំណាស់ៗ​ដែល​គេ​លេង​ក្នុង​ពេលណា​ក៏បាន តែ​គេ​ច្រើនតែ​លេង​ក្នុងពេល​លើក​ជំនូន​-​ស៊ី​ស្លា ឬ​មង្គល​ការកូន គឺ​ពេល​ហែ​កូនប្រុស​ទៅជូន​ជំនូន ឬ​ទៅ​ចូល​រោង​នៅផ្ទះ​ខាង​ស្រី ក្នុងពេលនោះ គេ​តែង​រក​អ្នកចេះ​គោះត្រឡោក មកលេង​ជា​កំសាន្ត​។​

​    ​មនុស្ស​អ្នកលេង​មានតែ​ម្នាក់​ទេ ។ មុននឹង​លេង គេ​យក​ត្រឡោក​ល្អៗ​២ ទំហំ​ប៉ុនគ្នា មកកាន់​នៅ​ដៃស្ដាំ ១ ដៃ​ឆ្វេង ១ ហើយ​គេ​អង្គុយ ឬ​ឈរ គោះ​ប្រជល់​គ្នា​តាម​ចង្វាក់ មាន ៧ គឺ​៖

​    ​ទី​១ គោះ​លើ​ក្បាល​
​    ​ទី​២ គោះ​ខាងមុខ​
​    ​ទី​៣ គោះ​ខាងក្រោម​ឃ្លៀក​ស្ដាំ​
​    ​ទី​៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង​
​    ​ទី​៥ គោះ​ខាងក្រោម​ជើង​ស្ដាំ​
​    ​ទី​៦ គោះ​ខាងក្រោម​ជើងឆ្វេង​
​    ​ទី​៧ គោះ​ខាង​ក្រោយខ្នង​

​    ​សកម្មភាព​របស់​អ្នក​គោះ​បែប​អង្គុយ ដូច​ក្នុង​រូបភាព​នេះ​៖

​    ​លុះ​គោះ​គ្រប់ ៧ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ សាជាថ្មី​ឡើង​ទៀត តាម​លំដាប់​ហូរហែ​ទៅ​។​

​    ​បើ​គោះ​បែប​ឈរ គេ​គោះ​បណ្ដើរ ច្រៀង​បណ្ដើរ​តាម​បទ ឬ​ទំនុក​ដែល​គេ​ចេះ​។ នៅពេល​ហែ​កូនកំលោះ​ទៅជូន​ជំនូន ឬ​ទៅ​ចូល​រោងការ ឬ​នាំ​កូនក្រមុំ​ចុះ​ពី​ផ្ទះ​ទៅ​ចូល​រោង​ខាង​ប្រុស គេ​តែង​គោះ​បែប​ឈរ គឺ​អ្នក​គោះត្រឡោក គេ​ឈរ​រេ​រាំ​ធ្វើជា​ស្ទាក់​មុខ​កូន​ក​ម្លោះ មិន​ឲ្យ​ឡើងទៅ​លើផ្ទះ​ខាង​ស្រី ឬ​កូនក្រមុំ​មិន​ឲ្យ​ចូលទៅ​រោង​ខាង​ប្រុស​។ បើ​ម្ដាយ​ឪពុក​នៃ​សាមីខ្លួន​ទាំងសងខាង​អាណិត​គ្នា កុំ​ឲ្យ​ឈរ​យូរពេក ខ្លាច​នឿយហត់ ឬ​ខ្មាស់​គេ គេ​យក​វត្ថុ​អ្វីមួយ​មាន​ស្រា​និង​សាច់​ក្លែម ឬ​ប្រាក់​ជាដើម​តាម​សមគួរ សូមអ្នក​គោះត្រឡោក​នោះ បើ​អ្នក​គោះ​គេ​សុខចិត្ត​ព្រម​បើក​ឲ្យ​ទៅ ទើប​ចូល​ទៅបាន​។​

​    ​ល្បែង​នេះ ជា​ល្បែង​មួយ​យ៉ាង នាំ​ឲ្យ​អ្នកទស្សនា​កើត​សេចក្ដី​រីករាយ ហើយ​ជា​ល្បែង​ដែល​រាប់​ចូលក្នុង​ការហាត់​ប្រាណ នាំ​ឲ្យ​ដៃ​កើត​សាច់ដុំ និង​ឲ្យ​ដៃ​រហ័សរហួន​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់