មន្ទីរពេទ្យអ៊ីតាលីមើលឃើញការកើនឡើង ៣០ ភាគរយនៃកុមារមានអាការៈរលាកដ៏កម្រដោយសារកូវីដ១៩

ការវិភាគថ្មីមួយបានបង្ហាញថា ស្ថានភាពរលាកដ៏កម្រដែលគេឃើញកាន់តែច្រើនឡើងៗចំពោះកុមារ គឺពិតជាមានទំនាក់ទំនងទៅនឹងវីរុសកូរ៉ូណា។

ក្រុមអ្នកស្រាវជ្រាវនៅតំបន់ Lombardy ប្រទេសអ៊ីតាលី ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសកូរ៉ូណា បានពិនិត្យមើលករណីកុមារចំនួន១០នាក់ ដែលមានរោគសញ្ញាដូចជាមានកន្ទួលពេញរាងកាយ និង ហើមដៃជើង។

តាមរយៈការប្រៀបធៀបក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ មានកុមារចំនួន ១៩នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាមួយនឹងរោគសញ្ញា ដែលមានអាការៈប្រហែលគ្នាទៅនឹងជំងឺ Kawasaki។

ក្រុមអ្នកស្រាវជ្រាវមួយនេះនិយាយថា ការទទួលបានរោគសញ្ញាទាំងនេះក្នុងរយៈពេលពីរខែចុងក្រោយនេះ គឺជាការកើនឡើង ៣០ដង លើសពីអ្វីដែលគេធ្លាប់ជួបប្រទះជាធម្មតា។

លើសពីនេះទៅទៀត កុមារ ៨០ភាគរយដែលបានចូលមន្ទីរពេទ្យនៅឆ្នាំនេះ ត្រូវបានធ្វើតេស្តរកឃើញថា មានអង្គបដិប្រាណការពារវីរុសកូរ៉ូណា ហើយ ៦០ភាគរយមានស្ថានភាពធ្ងន់ធ្ងរដូចជាបញ្ហាបេះដូងជាដើម។

ករណីជំងឺរលាកកម្រទាំងនេះចំពោះកុមារត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ។

រោគសញ្ញានេះប្រហាក់ប្រហែលនឹងជំងឺ Kawasaki ដែលជាស្ថានភាពមួយបណ្តាលឱ្យមានការរលាកនៅក្នុងជញ្ជាំងសរសៃឈាម និងប៉ះពាល់ភាគច្រើនលើកុមារអាយុក្រោមប្រាំឆ្នាំ។

គេមិនដឹងថាតើអ្វីបង្កឱ្យមានជំងឺរលាកនេះទេ ប៉ុន្តែគេជឿថាប្រព័ន្ធភាពស៊ាំមានប្រតិកម្មខ្លាំងពេកចំពោះកូវីដ១៩៕ ប្រភព៖ Daily Mail លីង

adverise with khmeread