ក្លឹបបាល់ទាត់ FC Seoul សុំទោស ចំពោះការដាក់តុក្កតាម៉ាណឺកាំងនៅកៅអីអ្នកគាំទ្រ

ក្រុមបាល់ទាត់កូរ៉េខាងត្បូង FC Seoul បានធ្វើការសុំទោស បន្ទាប់ពីអ្នកគាំទ្របានចោទប្រកាន់ក្លឹបនេះថា បានប្រើតុក្កតាសិចដើម្បីបំពេញកន្លែងទំនេរនៅការប្រកួតលើកទី២របស់ខ្លួននៃរដូវកាលទើបនឹងចាប់ផ្តើមបើកថ្មីរបស់លីកកំពូលកូរ៉េ K League។

កាលពីថ្ងៃអាទិត្យ ក្រុមមួយនេះធ្វើការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនទល់នឹងក្រុម Gwangju ក្នុងពានរង្វាន់បាល់ទាត់កំពូលរបស់ប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកុម្ភៈ ប៉ុន្តែត្រូវបានពន្យារពេលដោយសារវីរុសកូរ៉ូណា។

អ្នកគាំទ្រត្រូវបានរារាំងមិនឱ្យចូលរួម ដែលជាផ្នែកមួយនៃវិធានការដើម្បីការពារការរីករាលដាលនៃការឆ្លង ប៉ុន្តែអ្នកដែលមើលការប្រកួតតាមអនឡាញបានសម្គាល់ឃើញអ្វីដែលមិនប្រក្រតី ដែលវាជាតុកត្តាម៉ាណឺកាំងដែលត្រូវបានគេដាក់ពង្រាយបន្លំជាអ្នកគាំទ្រក្នុងកីឡដ្ឋាន។

អ្នកគាំទ្រមួយចំនួនទៀតបានសម្គាល់ឃើញតុកត្តាមួយចំនួនកំពុងកាន់ឈ្មោះសញ្ញាក្រុមដែលផលិតតុកត្តាសិច ហើយប្រិយមិត្តទាំងនោះបានចង្អុលឱ្យឃើញថាវាមើលទៅទំនងដូចជាតុកត្តាសិចច្រើនជាងមនុស្សម៉ាណឺកាំង ហើយពួកគេបានធ្វើការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម។

ជាការឆ្លើយតបក្លឹបមួយនេះ បានចេញការសុំទោសនៅលើបណ្តាញសង្គម Instagram និង Facebook។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា "ទាក់ទងនឹងមធ្យោបាយលើកទឹកចិត្តដោយដាក់ម៉ាណឺកាំងទាំងនេះ ដែលត្រូវបានដំឡើងអំឡុងពេលប្រកួតនៅថ្ងៃទី១៧ យើងសូមទោសដោយស្មោះចំពោះការបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកគាំទ្រ"។

ក្រុមបាល់ទាត់ FC Seoul បានពន្យល់ថា ទោះបីតុក្កតាទាំងនេះត្រូវបានគេធ្វើឱ្យមើលទៅដូចជាមនុស្សពិតៗ ជាជាងការដាក់ម៉ាណឺកាំងធម្មតា ពួកគេបានពិនិត្យរួចរាល់ជាស្រេច ដែលពួកវាគឺ "មិនទាក់ទងទៅនឹងផលិតផលមនុស្សពេញវ័យនោះទេ" មុនពេលយល់ព្រមដំឡើងវា ហើយត្រូវបានប្រាប់ថា ពួកវាគឺជាប្រភេទម៉ាណឺកាំងដែលត្រូវបានគេប្រើប្រាស់ជាទូទៅដើម្បីដាក់តាំងម៉ូតសម្លៀកបំពាក់៕


 

adverise with khmeread