ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

សៀមរាប ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការនាថ្ងៃទី២១ ឧសភា បន្ទាប់ពីកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសហការជាមួយកម្លាំងប៉ូលិសការិយាល័យការពារ និងអន្តរាគមន៍បានចុះបង្ក្រាបបទរក្សាទុក និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀនចំនួនពីរគោលដៅ នៅថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ជនសង្ស័យ៣នាក់។

ប៉ូលិសនិយាយថា គោលដៅទី១-នៅចំណុចក្នុងព្រៃស្ថិតនៅភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុង- ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន១-ឈ្មោះ យួន យ៉ង់ ហៅ រ៉ាវី ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប និង២-ឈ្មោះ យ៉ោន រឌ្ឍនា ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងតាលាបអូរឫស្សី មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅមេតំហ្វេតាមីចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់០,១ក្រាម ថ្លឹងទាំងសំបក ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

ចំណែកគោលដៅទី២-នៅចំណុចលើដងផ្លូវស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វ៉ាន់ឌី ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិដំដែក ឃុំ ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះរួមមាន ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់០,១ក្រាម ថ្លឹងទាំងសំបក និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០៕

adverise with khmeread