ម៉ូតូបើកបុកគោយន្តឈប់ចតលើផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗនៅស្រុកទឹកផុស​

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកគោយន្តឈប់ចតលើផ្លូវបណ្តាលឱ្យស្លាប់ភ្លាម នាថ្ងៃពុធ​ទី២០ ​ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី​យប់ នៅលើផ្លូវក្រាល កៅស៊ូលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ ​៦៧-៦៨​ ស្ថិតក្នុងភូមិព្រៃជ្រៅ​ ឃុំក្បាលទឹក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ភាគីម៉ូតូ០១គ្រឿងម៉ាក ​HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ​ ចាន់​ វិន ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិគោក ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​ បើកបរពីទិសខាងជើងទៅទិសខាងត្បូង​។

លុះពេលបើកបរមកដល់ចំណុចខាងលើ​ ក៏បានបុកជាមួយគោយន្តកន្ត្រៃ០១គ្រឿងម៉ាក​ KUBOTA ពណ៌ក្រហម ដែលមានសណ្តោងរ៉ឺម៉ក​ បើកបរដោយឈ្មោះ​ ធ្លក ​យឿន​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ រស់នៅភូមិសេរីវង្ស​ ឃុំពាម​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង ដែលកំពុងឈប់ចតនៅចិញ្ចើមផ្លូវ​ ដំណើរស្របទិសគ្នា​ បណ្ដាលឱ្យស្លាប់ (អ្នកបើកបរម៉ូតូ) និងខូចខាតម៉ូតូ​ ០១​ គ្រឿង​ (ស្រាល​) គោយន្តកន្ត្រៃ​០១គ្រឿង (ស្រាល)។ មូលហេតុគឺបណ្តាលមកពីការឈប់ចតគោយន្តគ្មានភ្លើងបំភ្លឺផ្លូវ​។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ធ្លក​ យឿន ដើម្បីសាកសួរបំភ្លឺពីដំណើររឿងហេតុ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread