បុរសជនជាតិថៃបើករថយន្តបុកម៉ូតូស្លាប់មនុស្ស២នាក់ ម្នាក់ជាប៉ូលិសខេត្តប៉ៃលិន

ប៉ៃលិន ៖​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ និង​ម៉ូតូ​នៅលើផ្លូវជាតិលេខ ៥៩​ នៅ​ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន​ បណ្តាលឱ្យខូចខាតម៉ូតូ១គ្រឿង និងស្លាប់មនុស្ស២នាក់ក្នុងនោះម្នាក់ជាប៉ូលិសខេត្តប៉ៃលិន កាលពី​វេលាម៉ោង​៦ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនរងគ្រោះ​ទាំង​ពីរនាក់រួមមានឈ្មោះ ​បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខប៉ៃលិន 1C-2420​ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងឈ្មោះ អ៊ឹម ណែម ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីប៉ូលិសខេត្តប៉ៃលិន ជាអ្នក​រួម​ដំណើរ​បានស្លាប់នៅនឹងកន្លែងកើតហេតុ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642។​ មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត​ហួស​ល្បឿន​កំណត់​។​ 

បច្ចុប្បន្ន​ជនបង្ក និងរថយន្តត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្តប៉ៃលិន​ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

adverise with khmeread