កុមារា​ កុមារី២នាក់ជាបងប្អូនជីដូនមួយគ្នាលង់ទឹកត្រពាំងស្លាប់

កណ្តាល​ ៖​ កុមារា​ កុមារី២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា​ រងគ្រោះលង់ទឹកស្លាប់កើតឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅចំណុចត្រពាំងអង្គ​ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ២នាក់រួមមាន១-ឈ្មោះ ខុំ វ៉ាន់ ភេទ​ប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង​ មានឪពុកឈ្មោះ ញ៉ សុខុម អាយុ៣៦​ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ​ និង២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩​ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល​ មានឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរជាងដែកនិងម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ។ 

ប៉ូលិសបន្តថា​ នៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង៤ និង១៤នាទីល្ងាចឪពុកបង្កើតរបស់ជនរងគ្រោះ បានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គ​ ហើយកូនប្រុស និងក្មួយស្រីបង្កើតទៅតាម។ ពេលដល់ត្រពាំងអង្គឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ មានជម្រៅមួយកាយរបស់​ កូនប្រុសនិងក្មួយស្រីលេងទឹកនៅខាងត្បូង។

លុះកំពុងលេងទាំងពីរនាក់បងប្អូមិនចេះហែលទឹកផង​ ហើយដោយឪពុកមិនចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឱ្យជួយឪពុកបានឮក៏ក្រលេខមើលត្បូងឃើញកូនក៏បានទម្លាក់សំណាញ់ចុះរត់មកជួយកូនប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានឈរមើលហើយស្រែកយំឱ្យជួយកូនប្រុសនិងក្មួយស្រីបានលង់ទឹក។ 

សន្ទុះក្រោយមកបានមានប្រជាពលរដ្ឋនៅក្បែរនោះរត់ជួយហើយទំរាំរកឃើញប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់នោះបានលង់ទឹកស្លាប់បាត់អស់ហើយ។ ក្រោយមកមេភូមិតានូបានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចថាមានក្មេងលង់ទឹកស្លាប់។

បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុកសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread