បទចម្រៀង «អំពើល្អ» ចេញAudioជាផ្លូវការហើយ

    ភ្នំពេញ៖ បទចម្រៀង «អំពើល្អ» បានចេញជា Audio ផ្លូវការហើយ បទចម្រៀងនេះច្រៀងដោយ បេក្ខភាព Cambodian Idol រដូវកាលទី២ និងលោក តារារដ្ឋ ស្ថាបនិកគ្រួសារកម្ពុជា ហើយក៏ជាស្នាដៃនិពន្ធថ្មី ទាំងទំនុកភ្លេងនិងប៉ារ៉ូល។ 

      បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អនៅក្នុងសង្គម និងដើម្បីបំផុសអោយកាន់តែមានអំពើល្អនៅក្នុងបរិបទដែលមនុស្សដែលតែអោយតម្លៃលើសកម្មភាពចែករំលែកនាពេលនេះ។ 

    បទចម្រៀងមួយបទនេះ មានគម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា ផងដែរ។ ក្នុងនោះសូម្បីតែសិល្បករសិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែងនៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។ អ្វីដែលធ្វើអោយបទនិពន្ធថ្មីនេះ ចាប់អារម្មណ៏ គឺទំនុកច្រៀង និង សាច់ភ្លេង ដែលមានភាពរស់រវើក និង ចាក់ដោត ពីអំពើល្អនោះតែម្ដង។ 

លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថាបទចម្រៀងនេះ នឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។ មិនខុសគ្នាដែរ កញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៍មោទនភាពផងដែរ បន្ទាប់ពីបទ"អំពើល្អ" ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង តាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។ កញ្ញា និយាយថាសប្បាយ ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៏ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុសដើម្បីអោយបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គមដោយមិនគិតកម្រៃផងដែរ៕

 

adverise with khmeread