ស្ត្រីអាមេរិកអាយុ ៧២ ឆ្នាំ ដែលគេដាក់គុក១៤០ឆ្នាំពីបទសម្លាប់ប្តីហិង្សារបស់គាត់ ត្រូវបានលើកលែងទោស ក្រោយជាប់គុកបានជាង៣ទសវត្សរ៍

ស្ត្រីចំណាស់ម្នាក់អាយុ ៧២ឆ្នាំនៅរដ្ឋអាកាន់សាស ត្រូវបានគេដោះលែងអោយមានសេរីភាព ពោលជាងបីទសវត្សរ៍ បន្ទាប់ពីគាត់ត្រូវបានកាត់ទោសអោយជាប់គុក ១៤០ ឆ្នាំពីបទសម្លាប់ប្តីហិង្សារបស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២១ឧសភា។

លោក Asa Hutchinson អភិបាលរដ្ឋខាងលើបានប្រកាសកាលពីខែមីនាថា លោកមានគោលបំណងបន្ធូរបន្ថយទោសដល់អ្នកស្រី Willie Mae Harris ដែលបានជាប់ពន្ធនាគារអស់រយៈពេល ៣៤ឆ្នាំនៅពន្ធនាគារ Wrightsville Women's Facility ក្នុងរដ្ឋអាកាន់សាស បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទសម្លាប់ប្តីរបស់គាត់ក្នុងឆ្នាំ១៩៨៥។

ការដោះលែងអ្នកស្រី Harris ត្រូវបានអនុម័តកាលពីថ្ងៃពុធ ហើយគាត់នឹងត្រូវបានដោះលែងក្នុងរយៈពេល ៤៥ថ្ងៃបន្ទាប់ យោងទៅតាមច្បាប់របស់រដ្ឋ។ ការកាត់ទោសដំបូងរបស់គាត់គឺ ១៤០ឆ្នាំពីបទឃាតកម្ម។

អ្នកស្រី Harris ដែលពិការភ្នែកពេលនៅជាប់ពន្ធនាគារតែងតែរក្សាភាពគ្មានកំហុសរបស់គាត់។

នៅក្នុងសក្ខីកម្មនៃការជំនុំជម្រះ គាត់បាននិយាយថា ប្តីរបស់ខ្លួនឈ្មោះ Clyde Harris បានចោទប្រកាន់អ្នកស្រីថាបានផ្តល់ជំងឺកាមរោគឱ្យទៅគាត់ ហើយក៏ចាប់អ្នកស្រីព្យួររួចរួមភេទតាមរន្ធគូថ។

អ្នកស្រី Harris បាននិយាយថា គាត់បានទាញកាំភ្លើងចេញពីកាបូប និងបានចាប់ផ្តើមយកកាំភ្លើងវាយលើលោក Clyde ហើយបានរាលកៃដោយចៃដន្យត្រឹមតែមួយគ្រាប់ក៏សម្លាប់ប្តីគាត់តែម្តង។

ដោយរំលឹកពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេឡើងវិញ អ្នកស្រីបាននិយាយថា ប្តីរបស់គាត់តែងតែគំរាមសម្លាប់គាត់ និងប្រើហិង្សាគ្រប់ពេល។

លោក Asa Hutchinson បាននិយាយថា "អ្នកស្រីជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារអស់រយៈពេលជាយូរមកហើយ ហើយមានភស្ដុតាងដែលបង្ហាញពីរឿងនោះ។ អ្នកស្រីបានប្រកាសពីភាពគ្មានទោសពៃរបស់គាត់ ប៉ុន្តែសម្រាប់ហេតុផលជាច្រើន ខ្ញុំបានលើកលែងទោសដល់អ្នកស្រី Willie Mae Harris"។

ទស្សនាវដ្តីនិយាយអំពីច្បាប់ព្រហ្មទណ្ឌ ឈ្មោះថា The Appeal ដែលបានសរសេរអត្ថបទអំពាវនាវឱ្យមានការដោះលែងរបស់លោកស្រី Harris បាននិយាយទៅកាន់កូនស្រីរបស់គាត់ឈ្មោះ Silvia Harris Wilkins ដែលបាននិយាយថានាងរំភើបនិយាយមិនចេញទេចំពោះការសម្រេចចិត្តលើកលែងទោសនេះ។

នាងបាននិយាយថា "ការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំ គឺការបញ្ចុះម្ដាយរបស់ខ្ញុំនៅក្នុងគុក។ គ្រាន់តែដឹងថា ខ្ញុំមិនចាំបាច់ធ្វើវាទេ ហើយគាត់កំពុងត្រឡប់មកផ្ទះវិញ គឺជាការធូរចិត្តបំផុត"។

នាងបាននិយាយថា ម្តាយវ័យ ៧២ឆ្នាំរបស់នាងនឹងផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ដើម្បីរស់នៅជាមួយនាង និងប្អូនស្រីរបស់នាង៕ ប្រភព៖ Daily Mail

adverise with khmeread