សិស្សសាលាប្រឈមនឹងការឆ្លងកូវីដ១៩ និងជំងឺផ្សេងៗដោយសារការជក់បារីអេឡិចត្រូនិក (Vape)

មានការប្រើប្រាស់​បារីអេឡិចត្រូនិក (Vape) ជាច្រើននៅក្នុងចំណោមយុវជនវ័យក្មេងជាពិសេសសិស្សសាលា។ ការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ក្នុងចំណោមសិស្សសាលាវ័យក្មេងជាទូទៅតែងតែធ្វើឡើងជាក្រុម។ ការប្រើប្រាស់ឧបករណ៍ជក់ រួមគ្នា ប្រឈមខ្លាំងនឹងការឆ្លងកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន ព្រមទាំងអាចលើទឹកចិត្ត និងងាយជំរុញអោយពួកគេឈានទៅប្រើគ្រឿងញៀនផ្សេងៗទៀត។

សិស្ស ឈ្មោះ មាន ប៊ុនឡុង បាននិយាយថា៖ “មិត្តភ័ក្ររបស់គាត់​បានចូលលុយគ្នាដើម្បីទិញ ម៉ាស៊ីនផ្ដាច់បារី (Vape)យកមកជក់រួមគ្នាដោយសារតែ ឧបករណ៍នេះមានតម្លៃថ្លៃ”។ ដូចគ្នាទៅនឹងការបញ្ជាក់របស់យុវជន មាន ប៊ុនឡុង ដែរ យើងឃើញមានសិស្សសាលាមួយក្រុមបានកំពុងជក់ Vape ជុំគ្នានៅក្នុងសាលារៀនមួយ តាមរយៈវីដេអូខ្លីមួយបង្ហោះនៅក្នុងបណ្ដាញសង្គម យូធូប ។

ទាក់ទងនឹងផលប៉ះពាល់ដល់សុខភាពវិញ ការប្រើប្រាស់ បារីអេឡិចត្រូនិក(Vape)បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ដូចបារីធម្មតាដែរ។ គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង់នឹងការប្រើបារីអេឡិចត្រូនិក (Vape)នៅសហរដ្ឋអាមេរិច មានប្រមាណ ២៨០០ ករណី ក្នុងនោះករណីស្លាប់បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) មាន  ៦៨ករណី។ នេះបើយោតាមការបញ្ជាក់របស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC) ។

ដោយសារតែការប្រើប្រាស់ បារីអេឡិចត្រូនិក(Vape)បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ប្រសិនបើអ្នកប្រើប្រាស់បារីអេឡិចត្រូវនិក ឆ្លងជំងឺកូវិដ១៩ គាត់នឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។

បារីអេឡិចត្រូនិកនិង Sisha ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀណ ហាមឃាត់មិនអោយមានការលក់ និងមិនអោយមានការប្រើប្រាស់ឡើយ។

ទោះជាមានការហាមឃាត់បែបនេះក្តី យើងនៅតែឃើញមានការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក (Vape) នៅលើបណ្ដាញសង្គមជាច្រើនដោយប្រើឈ្មោះថាម៉ាស៊ីនផ្ដាច់បារី។​

ក្រោមហេតុផលនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹងវិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិកអោយបានហ្មត់ចង់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ និងជំងឺផ្សេងៗ ជាពិសេសក្នុងចំណោមសិស្សសាលាវ័យក្មេង។

 

adverise with khmeread
PR