បុគ្គលិកថែទាំមនុស្សចាស់ម្នាក់ស្រែកយំផ្អើលបណ្តាញសង្គមអង់គ្លេស ព្រោះគេចោទនាងថាដើរចម្លងកូវីដ១៩ ដោយសារតែឈុតការងាររបស់នាង

បុគ្គលិកថែទាំមនុស្សចាស់ម្នាក់បានស្រក់ទឹកភ្នែក បន្ទាប់ពីអ្នកដើរទិញអីវ៉ាន់ម្នាក់ចោទប្រកាន់នាងថាដើរចម្លងមេរោគតាមរយៈការស្លៀកពាក់ឯកសណ្ឋានរបស់នាងនៅក្នុងហាងមួយ ចំពេលកំពុងមានវិបត្តិវីរុសកូរ៉ូណា។

នាង Kimberley Simpson មកពីទីក្រុង Burton-upon-Trent តំបន់ Staffordshire ប្រទេសអង់គ្លេសអះអាងថា អ្នកដើរផ្សារដូចនាងម្នាក់បានដើរតាមនាងនៅផ្សារទំនើប​ B&M​ អស់រយៈពេល ១០នាទីដោយស្រែកថានាងមិនគួរត្រូវបានអនុញ្ញាតឱ្យចូលខាងក្នុងទេ។

នៅក្នុងវីដេអូបង្ហាញពីទិដ្ឋភាពនៃការទាស់ទែងគ្នានេះ ស្រ្តីចំណាស់ម្នាក់ប្រាប់អ្នកនាង Simpson ថានាង "កំពុងចម្លងមេរោគ" ចូលក្នុងផ្សារនៅក្នុងឈុតសម្លៀកបំពាក់របស់នាង មុនពេលគំរាមរាយការណ៍ពីអ្នកថែទាំមនុស្សចាស់រូបនេះទៅកាន់អ្នកគ្រប់គ្រងរបស់នាង។

ចែករំលែកវីដេអូអំពីឧបទ្ទវហេតុនេះទៅកាន់បណ្តាញសង្គម Facebook នាង Simpson បាននិយាយថា នាងពិតជា "ស្អប់ខ្ពើម" ចំពោះអាកប្បកិរិយារបស់អ្នកដើរផ្សាររូបនេះខ្លាំងណាស់។

យោងតាមឯកសាររបស់សេវាសុខភាពជាតិចក្រភពអង់គ្លេស (NHS) 
ចេញផ្សាយនៅថ្ងៃទី ២ ខែមេសាថា "គ្មានភស្តុតាងណាមួយដែលថាការពាក់ឯកសណ្ឋានខាងក្រៅការងារបន្ថែមហានិភ័យនៃការចម្លងមេរោគឡើយ"។

ទោះយ៉ាងណារបាយការណ៍នោះបានបន្ថែមថា "ផ្អែកតាមអាកប្បកិរិយាជាសាធារណៈ វាជាការអនុវត្តល្អសម្រាប់បុគ្គលិកក្នុងការផ្លាស់ប្តូរសម្លៀកបំពាក់នៅកន្លែងធ្វើការចេញ ឬបិទបាំងឯកសណ្ឋានរបស់ពួកគេនៅពេលចេញពីធ្វើការ"៕ 


 

adverise with khmeread