សម្រាប់មនុស្សដែលរវល់ ចានបង្គន់របស់ពួកគេសឹងតែរកពាក្យអ្វីមកពណ៌នាមិនបាននោះឡើយ។ ស្នឹមឡើងក្រាស់ឃ្មឹកបានជាប់នៅបាត និងផ្ទៃចានបង្គន់ ដែលជាភ្នាក់ងារបង្កមេរោគខ្ពស់បំផុតចំពោះសុខភាពមនុស្ស។
ពេលនិយាយដល់ការសម្អាតចានបង្គន់ លោកអ្នកសឹងតែហូរទឹកភ្នែកម្តងៗ ព្រោះណាមួយរវល់ខ្លាំង និងមួយទៀតធុញទ្រាន់នឹងការអង្គុយដុសចុកដៃខាតពេលខាតវេលា។ ប៉ុន្តែបន្ទាប់ពីអានអត្ថបទនេះហើយ លោកអ្នកមិនត្រឹមតែសន្សំលុយពីការទិញទឹកលាងបង្គន់ប៉ុណ្ណោះទេ តែថែមទាំងសន្សំបានពេលវេលារបស់លោកអ្នកទៅធ្វើអ្វីផ្សេងទៀតផង។
អ្វីដែលលោកអ្នកត្រូវការគឺទឹកក្រូចកូកាកូឡាមួយដប។ វាជាជម្រើសតម្លៃថោក គ្មានជាតិគីមី។ លោកអ្នកអាចចាក់ទឹកក្រូចមួយចំនួនចូលចានបង្គន់ និងស្រោចពីលើស្នឹមបង្គន់ រួចទុកចោលមួយម៉ោង សឹមចាក់ទឹកបង្ហូរចោល ពេលនោះបង្គន់នឹងសចែងចាំងមិនចាំបាច់ចំណាយពេលអង្គុយដុសលាងនោះទេ។ ប្រសិនបើនៅសល់ស្នាមប្រឡាក់កន្លែងណាមួយ លោកអ្នកអាចយកច្រាស់ដុសបន្ថែមបន្តិចបន្តួច បើចាំបាច់។
សម្រាប់អ្នកខ្ជិលខ្លាំងអាចយកវិធីនេះអនុវត្តបាន ប៉ុន្តែសម្រាប់អ្នកដែលមានពេល និងឧស្សាហ៍ អាចអង្គុយដុស ៥ នាទីប៉ុណ្ណោះ ដោយប្រើទឹកលាងបង្គន់ ឬសាប៊ូជាមួយប្រដាប់ដុស៕
