រថយន្តបែនដឹកខ្សាច់អត់ស្លាកលេខបើកបុកម៉ូតូពីក្រោយកំពុងឈប់ស្តុបស្លាប់បុរសម្នាក់, របួសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និងប្អូនជីដូនមួយដែលរួមដំណើរម៉ូតូជាមួយគ្នារងរបួសធ្ងន់ ដោយសាររថយន្តបែនដឹកខ្សាច់បុក និងកិនពីក្រោយ ខណៈរង់ចាំភ្លើងស្តុប ហើយអូសជាង១០ម៉ែត្រស្លាប់នៅក្រោមរថយន្តជាប់ទាំងម៉ូតូ បន្ទាប់មកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៦ ឧសភា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦កែងផ្លូវចូល OCIC ស្ថិតក្នុងភូមិ-សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣៥ មុខរបរជាងពិដាន ស្នាក់នៅផ្ទះជួលម្តុំច្បារអំពៅ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី 014 ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1E-2460 រួមដំណើរជាមួយប្អូនជីដូនមួយ មុខរបរកម្មករសំណង់ជាមួយគ្នា។

ឯរថយន្តបង្កម៉ាក HINO ក្បាលពណ៌ខៀវ អត់ពាកស្លាកលេខ តែមានប័ណ្ឌបង់ពន្ធ មធ្យោបាយដឹកជញ្ជូនម៉ាក MITSUBISHI ស្លាកលេខ 3D-7699 ផលិតឆ្នាំ ១៩៩៣។ អ្នកបើកបរឈ្មោះ សួន សុខម៉េត មានទីលំនៅភូមិពោង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ហើយស្លាកលេខរថយន្តពិត មានលេខ តាកែវ.0818 នេះបើតាមការបញ្ជាក់ពីអ្នកបើកបរ។

តាមសម្តីពីប្អូនជីដូនមួយសពបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានចេញពីធ្វើការជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុជាកន្លែងមានភ្លើង ស្តុប ពួកគាត់បានឈប់ម៉ូតូរង់ចាំស្តុបបៃតង ស្រាប់តែមានរថយន្តបង្កខាងលើបើកមកយ៉ាងលឿន ស៊ីផ្លេខ្លាំងៗទៀតហើយបានមកបុកនិងកិនពីក្រោយម៉ូតូរបស់ពួកគាត់ អូសបងប្រុសគាត់ជាមួយម៉ូតូកិនជាប់ក្រោមរថយន្តជាច្រើនម៉ែត្រស្លាប់បងប្រុសគាត់។ ចំណែកគាត់ខ្ទាតចេញក្រៅរងរបួសស្រាល។ ភ្លាមនោះរូបគាត់ដែលរងរបួសស្រាល បានក្រោកឡើងស្រវាចាប់អ្នកបើកបរបានប្រគល់ឱ្យប៉ូលិស ប៉ុស្តិ៍ព្រែកលៀបចៀសវាងមានហិង្សាណាមួយកើតឡើង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

adverise with khmeread