ទំនាស់គ្នាយកបំពង់ទឹកក្តៅគប់បែកក្បាល, ជនរងគ្រោះដេកពេទ្យនិងជនដៃដល់ជាប់ខ្នោះ

ភ្នំពេញ ៖ មានករណីហិង្សាដោយចេតនា ដោយប្រើបំពង់ទឹកក្តៅគប់បណ្តាលឱ្យបែកក្បាលកើតឡើងនៅមុខផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២០ ម៉ោង៨ និង៣០នាទីយប់ ហើយជនរងគ្រោះដេកពេទ្យនិងជនដៃដល់ជាប់ខ្នោះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វី ចន្រ្ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ឡឹក វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យអង្គុយផឹកស្រាជាមួយគ្នានៅចំណុចកើតហេតុ រួចជនសង្ស័យសួរជនរងគ្រោះថា «អ្ហែងស្គាល់វត្តប៉ុន្មាននៅស្រុកកំណើត?»។ ជនរងគ្រោះក៏ស្រែកខ្លាំងៗថា «អញអត់ស្គាល់ទេ!»។ សំណួរនិងចម្លើយនេះបានបង្កើតជាទំនាស់ហើយត្រូវបានមិត្តភក្តិជួយឃាត់ រួចជនរងគ្រោះក៏ដើរចេញ ។ ពេលនោះជនសង្ស័យហៅវាយគ្នាមួយស្មើជនរងគ្រោះក៏ដើរចូលមកវិញ ស្រាប់តែជនសង្ស័យយកបំពង់ទឹកក្តៅគប់ជនរងគ្រោះចំក្បាលបែក។

ពេលនោះម្តាយជនរងគ្រោះក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅធ្វើការសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅដេរអស់៣ថ្នេរ៕


 

adverise with khmeread