ឃាត់ជនសង្ស័យ២នាក់ ឆែកឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យ​២នាក់​ត្រូវបានប៉ូលិសខណ្ឌ​មានជ័យ​ ឃាត់ខ្លួនយកទៅប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២សាក​សួរ​ បន្ទាប់​ពី​ឆែក​ឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់​សោកម៉ូតូ​មួយ​ឈុត​កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែ​ឧសភា​ ឆ្នាំ​២០២០​ ផ្លូវ87BT សង្កាត់បឹងទំពន់ទី២ ខណ្ឌ​មាន​ជ័យ​។

ប៉ូលិសនិយាយថា ជនសង្ស័យទី១​ -​ឈ្មោះ​ អាឡុង​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​  ស្នាក់នៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌ​មាន​ជ័យ​ និងទី២-​ឈ្មោះ​ អាពន្លឺ​ អាយុ១៩ឆ្នាំ ស្នាក់នៅ​មិន​ពិត​ប្រាកដ​។ ជនសង្ស័យទាំង២នាក់ មានសោរ​សម្រាប់​កាច់សោ​ក​ម៉ូតូ​មួយ​ឈុត​នៅជាប់នឹងខ្លួន។ 

ប៉ូលិសបន្តថា មុនពេលឈានទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ គឺកម្លាំងប៉ូលិសអន្តរាគមន៍ បានចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏ប្រទះ​ឃើញ​ជន​សង្ស័យ​ទាំង២នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​នៅ​តំបន់​ស្ងាត់​ ហើយ​ក៏សុំ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឆែកឆេរ​ស្រាប់​តែ​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោកម៉ូតូមួយឈុត ទើបកម្លាំង បាននាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី​២ តែ​ម្តង​​។ ទៅ​ដល់​ប៉ុស្តិ៍​​ ជនសង្ស័យ​បាន​សារភាព​ថា ឧបករណ៍​សម្រាប់​កាច់​សោកម៉ូតូ​ទាំង​នេះ​ ពិត​ជា​របស់​ពួកគេ​ពិត​ប្រាកដ​មែន​​។ 

បច្ចុប្បន្នជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ប៉ូលិសប៉ុស្តិ៍ កសាង​សុំណុំ​រឿងបញ្ជូន​ខ្លួន​ទៅ​ អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

adverise with khmeread