ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី ត្រង់ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២១២ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់ (ចំនួន០១កញ្ចប់ថង់ធំល្មម, ចំនួន០៣កញ្ចប់ថង់តូច), ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿងនិងកាបូបចំនួន០១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក កម្លាំងប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនិងលោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ  ខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ប៉ូលិសបន្តទៀតថា ជនសង្ស័យឈ្មោះ សុខ បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ហើយធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់ (ចំនួន០១កញ្ចប់ថង់ធំល្មម, ចំនួន០៣កញ្ចប់ថង់តូច) ដាក់នៅក្នុងកាបូបក្រណាត់តូច ទុកក្នុងហោប៉ៅម៉ូតូខាងស្តាំ។

បន្ទាប់មកប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង៕


 

adverise with khmeread