សេចក្តីព្រាងច្បាប់សន្តិសុខហុងកុងទទួលបានការគាំទ្រពីសភាចិន

សភាចិនបានគាំទ្រសេចក្តីព្រាងច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង ដែលចាត់ទុកជាបទឧក្រិដ្ឋចំពោះទង្វើណា ដែលបង្កអន្តរាយដល់សិទ្ធិអំណាចចិនប៉េកាំងនៅដែនដីស្វយ័តនេះ។

ច្បាប់ ដែលឥឡូវបញ្ជូនទៅថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមួយនេះ បានបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកដែលនិយាយថា វាអាចបញ្ចប់ឋានៈពិសេសរបស់ហុងកុង។

ច្បាប់នេះក៏អាចត្រូវបានគេមើលឃើញថា ប្រទេសចិននឹងបង្កើតទីភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួននៅក្នុងដែនដីពាក់កណ្តាលស្វយ័តមួយនេះជាលើកដំបូងផងដែរ។

ចំណាត់ការនេះបានបង្កឱ្យមានរលកថ្មីនៃការតវ៉ាប្រឆាំងនឹងចិនដីគោក។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មីម្តងទៀតកាលពីថ្ងៃពុធ ដោយសារតែសភាហុងកុងបានជជែកដេញដោលលើច្បាប់ស្នើឡើងផ្សេងមួយទៀត ដែលនឹងចាត់ទុកជាបទឧក្រិដ្ឋចំពោះការមិនគោរពភ្លេងជាតិចិន។

មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន។ សន្តិសុខនៅតែមានកម្រិតខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈការជជែកដេញដោលគ្នានៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្ដិនៅតែបន្ត៕ ប្រភព៖ BBC 

 

adverise with khmeread