ឃាត់បានម្នាក់,រត់រួចម្នាក់ ពាក់ព័ន្ធគ្រឿងញៀននៅស្រុកពញាឮ

កណ្ដាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួន នាថ្ងៃពុធទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤ និង ៥៩ នាទីល្ងាច នៅចំណុចភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់ឃាត់ខ្លួនម្នាក់, គេចខ្លួនម្នាក់រួមមាន ១-ឈ្មោះ លឹម តីម ហៅ ផល តីម ហៅ វីរៈ ភេទ ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) មានដីកាបង្គាប់អោយចាប់ខ្លួន លេខ ៥០៦ ដ.ក ប ច ខ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ចេញដោយលោក នួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ និង២-ឈ្មោះ សុន សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ( គេចខ្លួន)។

វត្ថុតាងចាប់យក ១-សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន ០៣ កញ្ចប់តូច ទម្ងន់ មិនទាន់ថ្លឹង និង២-ទូរសព្ទ័ ០១ គ្រឿង (ម៉ាក NOKiA ចុចពិល)។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកជំនាញស្រាវជ្រាវមុខសញាខាងលើ ដែលប្រើទូរស័ព្ទលេខ 070 324... តាមព័ត៌មានពីមហាជនថាមុខសញ្ញានេះបានលក់ថ្នាំញៀនយ៉ាងសកម្ម នៅចំណុចកើតហេតុ។

ក្រោយពីស្រាវជ្រាវ និងទទួលបានព័ត៌មានខាងលើរួចមក កម្លាំងប៉ូលិសផ្នែកជំនាញ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានប្រើវិធានញុះញុង និងចុះឃ្លាំមើលសកម្មភាពជនសង្ស័យនៅភូមិកើតហេតុ​។ លុះនៅម៉ោងកើតហេតុ ក៏ឃើញជនសង្ស័យចេញធ្វើសកម្មភាពលក់ថ្នាំញៀន​។ ភ្លាមនោះកម្លាំងប៉ូលិសបានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាង បានដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋានស្រុកពញាឮដើម្បីសាកសួរ​។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលយកមកធ្វើសកម្មភាពលក់នេះ គឺយកមកពីឈ្មោះ សុន សុភា ហៅ ភា ភេទប្រុស ទីលំនៅ មិនពិតប្រាកដ ដោយយកមកលក់ឱ្យគេ ០៣កញ្ចប់តូច ៥០០០០រៀល (ប្រាំម៉ឺនរៀល)។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី​៕

adverise with khmeread