ធនាគារជាតិនៃកម្ពុជា ទុកពេល ៣ខែ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ដុល្លារ ១$ ២$ និង ៥$ ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស

ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន ៣ ខែ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីប្រមូលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ខណៈដែលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗនេះ គឺជាឧបសគ្គមួយ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងស្រុក ។

នៅក្នុងកិច្ចពិភាក្សា ជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ អង្គប្រជុំបានពិភាក្សា និងឯកភាពលើបញ្ហាប្រឈមរួមមាន៖ ស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពពិភពលោក ហើយកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ការពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព។ ក្នុងទិសដៅនេះ កម្ពុជាត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដោយគួរចាប់ផ្តើមពីការចាយវាយលើប្រតិបត្តិការដែលមានទំហំតូចទៅ ។

ពាក់ព័ន្ធបញ្ហានេះ ការទុកឱ្យចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ គឺជាឧបសគ្គមួយ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ជាក់ស្តែងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ប្រាក់រៀល ក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញ និងលំហូរចេញនៃមូលធន។ ចំណែកកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធជាដើម)។ ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល ។ ដូច្នេះដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។

ជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណចេញ-ចូលកម្ពុជា។ ជាក់ស្តែងចំពោះក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច និងចាស់ ទក់ រហែក ធនាគារជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយហេតុថាការដឹកចេញក្រដាសប្រាក់ទាំងនេះ ត្រូវចំណាយពលកម្មនិងថវិកាខ្ពស់ ខុសពីក្រដាសប្រាក់រៀល ដែលធនាគារជាតិនៃកម្ពុជា អាចកាត់និងកម្ទេចចោល ហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។

ចំពោះបញ្ហានេះ នៅតាមឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ។ សម្រាប់បញ្ហានេះ ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ។ បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវានៅឡើយ ។ បញ្ហានេះធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុង ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ចំពោះក្រដាសដុល្លារប្រភេទតូចៗនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះឡើយ ៕

adverise with khmeread