រថយន្តធំតូច៣គ្រឿងបុកគ្នាស្លាប់ម្នាក់និងរបួស៧នាក់នៅខណ្ឌកំបូល

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត និង៧នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តធំតូចបីគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូល បុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល អ្នកស្លាប់ និងអ្នករងរបួសទាំងអស់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ 

តាមសម្ដីអ្នករត់កង់បីម្នាក់ដែលបានឃើញហេតុការណ៍បានប្រាប់ថា ដំបូងគាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 2A-5948 ដឹកក្រុមគ្រួសារ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច។

ខណៈមកដល់ចំណុចកើតហេតុ ខាងលើក៏បត់ឆ្លងផ្លូវ កំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាកហ៊ីយិនដាយ ៣.៧តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-3336 ដឹកមាន់ពេញជិះគ្នា៣នាក់ បើកយ៉ាងលឿនទិសដៅពីកើតមកលិចស្របទិសគ្នាបានបុកចំកែងខាងក្រោយរថយន្តបណ្ដាលឱ្យ រថយន្ដម៉ាកKIA វិលមួយជុំត្រឡប់ក្បាលទៅទិសខាងកើតវិញ រងរបួសធ្ងន់ស្រាល អ្នកជិះខាងក្រោយ៥នាក់ (ក្មេងពីរនាក់និងមនុស្សចាស់៣នាក់)។ 

ប្រភពបន្តថា រថយន្តដឹកមាន់មិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តហ៊ីយិនដាយ (ហៅ៥ភ្លៅ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5569 ប្រភេទរថយន្តរ៉ឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវដី ផុតពីផ្លូវជាតិចំពីក្រោយ ហើយបណ្ដាលឱ្យកៀបតៃកុងនិងព្រូ៣នាក់។ 

ភ្លាមៗក៏មានប្រជាពលរដ្ឋនិងរថយន្តសង្គ្រោះបានគាស់ យកជនរងគ្រោះទាំងបីនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ទៅដល់មន្ទីរពេទ្យស្រាប់តែបុរសម្នាក់ ដែលជាព្រូបានស្លាប់ដោយសាររងរបួសធ្ងន់ចំដើមទ្រូង រួចក៏បានដឹកមកកន្លែងកើតហេតុវិញ​ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងបានយករថយន្តទាំងអស់ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ចំណែកសាកសពសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួច ក៏យកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread