ឃាត់ខ្លួនបុរសម្នាក់នាំមនុស្សឆ្លងដែនទៅថៃដោយខុសច្បាប់

បន្ទាយមានជ័យ ៖ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទ «ប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់»។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការប៉ូលិសក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ ​មុខរបរជាកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការបន្តថា កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងប៉ូលិសក្រុងប៉ោយប៉ែត ចុះល្បាតនៅចំណុចភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យកំពុងប្រមូលផ្តុំពលករខ្មែរ៤នាក់ (ស្រី០២នាក់) នៅក្នុងបន្ទប់ជួលរបស់ខ្លួន បម្រុងនាំឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ។

ពេលឃើញសមត្ថកិច្ចជនសង្ស័យបានព្យាយាមរត់គេខ្លួនក៏ជង់ដែកមុតជើងខាងស្តាំ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ក្រោយពីធ្វើការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា មនុស្សទាំង០៤នាក់នោះ គេពិតជាប្រមូលផ្តុំបម្រុងនាំឆ្លងដែនមែន ដោយនាំយកទៅឱ្យឈ្មោះ ភក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃ។

លោកឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ត្រូវបានកម្លាំងជំនាញរបស់លោក បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃទី២៨ឧសភាផ្តន្ទាទោសតាមច្បាប់៕
 

adverise with khmeread