ទុស្សេខ្សែភ្លើងឆេះរោងសិប្បកម្មកាត់ដេរបណ្តាលឱ្យប្តីស្លាប់, ប្រពន្ធឆេះរលាកធ្ងន់នៅឃុំក្រាំងយ៉ូវ

កណ្ដាល ៖ មានករណីអគ្គីភ័យភ្លើងឆេះផ្ទះនិងរោងសិប្បកម្មមួយបណ្ដាលឱ្យស្លាប់បុរសម្នាក់ និងរបួសស្ត្រីម្នាក់ កើតហេតុនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីយប់នៅចំណុចផ្ទះរបស់ឈ្មោះ គ្រុឌ តៃ ភេទប្រុស អាយុ៧០ ឆ្នាំជនជាតិខ្មែរ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថាផ្ទះដែលឆេះមួយខ្នងសង់ពីឈើប្រក់ក្បឿងទំហំផ្ទះបណ្ដោយ៩ម៉ែត្រគុណនឹងទទឹង៧ម៉ែត្រ ដោយតយ៉ាកចំហៀងខាងជើង និងខាងមុខផ្ទះ សរុបទំហំបណ្ដោយ៣០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ធ្វើជារោងសិប្បកម្មជួលឱ្យសិប្បកម្មដេរខោអាវរោងចក្រ ដោយសម្ភារៈមាននៅក្នុងនោះខូចខាតទាំងស្រុង។

ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ ស្រ៊ុន បូរិន ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ (កត់ឡូនិងយាមរោងចក្រ) និងប្រពន្ធឈ្មោះ អឿន សុខហៀង ភេទស្រី អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) ជនជាតិខ្មែរ មានមុខរបរកម្មការិនី (ប្រធានផ្នែកដេរ) អ្នកទាំងពីរមានទីលំនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសបន្តថា ដំបូងមានករណីអគ្គីភ័យឆាបឆេះផ្ទះនិងរោងសិប្បកម្ម នៅចំណុចកើតហេតុខាងលើ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប្រជាការពារឃុំក្រាំងយ៉ូវ ជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ និងប្រជាការពារឃុំស្អាងភ្នំ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកគយនិងប្រជាការពារឃុំព្រែកគយ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យមណ្ឌលសុខភាព។

ភ្លាមៗនោះក៏បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ជួយធ្វើការតប្រព័ន្ធទឹកនៅក្បែរនោះបាញ់ទប់ស្កាត់កុំឱ្យភ្លើងឆាបឆេះ រីករាលដាលដល់ផ្ទះអ្នកជិតខាង និងបានរាយការណ៍ជូនថ្នាក់លើ បន្តរាយការណ៍ជូនលោកស្នងការរងទទួលការងារអគ្គីភ័យខេត្តកណ្ដាល ស្នើសុំឱ្យជួយសង្គ្រោះ ដោយយករថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់បំផុត។

ជាមួយគ្នានោះដែរកម្លាំងប៉ូលិសអន្តរាគមន៍ស្រុកស្អាង និងកម្លាំងសហការបានបែងចែកការងារគ្នា ប្រមូលព័ត៌មានថាមានកម្មករ២នាក់ មានតួនាទីស្នាក់នៅយាមក្នុងរោងសិប្បកម្មកន្លែងកើតហេតុដែលមានអគ្គីភ័យកំពុងឆេះនោះ កម្លាំងអន្តរាគមន៍បានធ្វើការគាស់ទ្វារទុំលុះចូលទៅ ស្វែងរកជនរងគ្រោះនោះដើម្បីជួយសង្គ្រោះបន្ទាន់ ក៏បានប្រទះឃើញ ឈ្មោះ អឿន សុខហៀង (ប្រពន្ធ) ភេទស្រី ដែលកំពុងដួលសន្លប់នៅក្នុងបន្ទប់ ក្នុងរោងសិប្បកម្មនោះ ក៏បានជួយសង្គ្រោះយកចេញមកក្រៅធ្វើការសង្គ្រោះជាបឋមដោយលោកគ្រូពេទ្យ និងបន្តស្វែងរកឈ្មោះ ស្រ៊ុន បូរិន (ប្ដី) បានឃើញដួលស្លាប់នៅបន្ទប់ទឹកបាត់ទៅហើយ។

លុះនៅវេលាម៉ោង១០ និង២០នាទីយប់ រថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានខេត្តកណ្ដាលបានមកដល់ បាញ់ទឹកគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង១១ និង៥០នាទី យប់ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ប្រើទឹកអស់ចំនួន២១ម៉ែត្រគូប។

បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។ ការសន្និដ្ឋានរបស់សមត្ថកិច្ចគឺអគ្គីភ័យខាងលើកើតឡើងដោយសារឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង៕

adverise with khmeread