បុរសម្នាក់មានជំងឺប្រចាំកាយបានសម្រេចចងកសម្លាប់ខ្លួន

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយសារតែមានជំងឺប្រចាំកាយ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការប៉ូលិសស្រុកព្រះនេត្រព្រះបានឱ្យដឹងថា បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងកឈ្មោះ ប៉ុល ឆារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមការបំភ្លឺពីឈ្មោះ ឈិត ហ៊ួច ភេទស្រី អាយុ១៣ឆ្នាំ នៅផ្ទះជា​មួយគ្នាត្រូវជាក្មួយជនរងគ្រោះបានប្រាប់ប៉ូលិសថា ដំបូងគេបានឃើញឪពុកមារបស់គេជាជនរងគ្រោះនោះបានយកខ្សែលីឡុងពណ៌ ស មកកាន់ជាមួយសៀវភៅធម៌១ក្បាលរួចដើរចូលក្នុងបន្ទប់។ ពេលនោះនាងក៏បានដើរចូលទៅតាមតែត្រូវគាត់ដេញឱ្យចេញវិញហើយបិទទ្វារជិត។

នៅពេលចូលទៅបាត់យូរមិនឃើញចេញមក នាងក៏បើកទ្វារមើល ស្រាប់តែឃើញមារបស់ខ្លួនបានធ្វើអត្តឃាតដោយចងក ហើយក៏រត់ទៅប្រាប់មារបស់នាងម្នាក់ទៀត ឈ្មោះ ប៉ុល ព្រំ អាយុ២៦ឆ្នាំ ឱ្យមកមើល។

បើតាមការឱ្យដឹងពីឈ្មោះ ឈិត អាយុ៦៧ឆ្នាំ ត្រូវជាឪពុកនិងបានបួសជាសង្ឃនៅវត្តឡ បានប្រាប់ថា កូនរបស់ខ្លួនឈ្មោះ ប៉ុល ឆារ័ត្ន ធ្លាប់មានជម្ងឺសរសៃប្រសាទយូរហើយ និងធ្លាប់ផឹកស្រាជាប្រចាំ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះកូនរបស់គាត់គឺឈឺតែពោះ។

ក្រោយពីទទួលបានព័ត៌មាន លោកអធិការបានចាត់កម្លាំងប៉ូលិសជំនាញផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ ប៉ូលិសជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំជប់វារី,ក្រុមប្រឹក្សាឃុំជប់វារី, មេភូមិចក្រី និងបងប្អូនរបស់ជនរងគ្រោះ បង្កើតជាក្រុមការងារ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យលើខ្លួនសពបានបញ្ជាក់ថា គឺជនរងគ្រោះស្លាប់ដោយចងក ធ្វើអត្តឃាតដោយយកខ្សែលីឡុងពណ៌ ស ដាក់កៅអីជ័រ ឡើងទៅចងភ្ជាប់ទៅនឹងធ្នឹមដែកក្នុងបន្ទប់។

សពជនរងគ្រោះក្រោយពីធ្វើកោសល្យវិច័យរួចបានប្រគល់ជូនសាច់ញាតិ និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread