រថយន្ត១គ្រឿងបែកកង់រេចង្កូតទៅបុករថយន្ត១គ្រឿងទៀតរបួសធ្ងន់ស្រាល៤នាក់

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៦១៤ និង ០៦១៥ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល ៤នាក់។

ប៉ូលិសនិយាយថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-2376 អ្នកបើកមានឈ្មោះ ឈុន បឿក ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ។ ពេលបើកមកដល់ចំណុចកើតស្រាប់តែរថយន្តបែកកង់មុខខាងស្តាំក៏រេចង្កូតទទឹងទ្រូងផ្លូវ។

ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9108 អ្នកបើកឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាមនិងឈ្មោះ ហាយ គឹមហ័ង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំសន្ទុក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកក្នុងទិសដៅផ្ទុយគ្នា។

លុះបើកមកចំណុចកើតហេតុក៏បុករថយន្តបែកកង់ចំ កាប៊ីនឡានផ្នែកខាងស្ដាំបណ្ដាលឱ្យមានមនុស្ស របួសធ្ងន់ស្រាល៤នាក់ ហើយអ្នករបួសទាំង៤នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី។

ចំពោះវត្ថុតាងរថយន្ត​ខូចធ្ងន់ទាំង២គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ស្រុក បានយករថយន្តទាំង២យកទៅរក្សាទុកនៅអធិការស្រុកព្រះនេត្រព្រះដើម្បីដោះស្រាយតាមក្រោយ៕


 

adverise with khmeread