មន្ត្រីយោធាម្នាក់បើកម៉ូតូពេលភ្លៀងខ្លាំងធ្លាក់ផ្លូវដួលសន្លប់ឈ្លក់ទឹកស្លាប់

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៨ឧសភាឆ្នាំ២០២០ នៅវេលាម៉ោង​២និង០៥​នាទី​រសៀល នៅលើកំណាត់ផ្លូវជាតិលេខ​៥៥​ ចន្លោះគីឡូម៉ែត្រលេខ​ ១៦៨-១៦៩ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ ខណៈមានភ្លៀងធ្លាក់១មេយ៉ាងខ្លាំងលាយឡំនិងខ្យល់បោកបក់ខ្លាំងបណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូធ្លាក់ចូលប្រឡាយចិញ្ចើមផ្លូវបណ្តាលឱ្យដួលសន្លប់ឈ្លក់ទឹកស្លាប់ដោយមិនមានអ្នកណាដឹងឡើយ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះ​  នី សុខុម ភេទប្រុស អាយុ​ ៤៥​ ឆ្នាំ មុខរបរជាយោធា​ រស់នៅ​ភូមិកើតហេតុ​ខាងលើ បានបើកម៉ូតូម៉ាក​WAVE អាល់ហ្វា ពណ៌ស គ្មានស្លាកលេខ​ធ្វើដំណើរពីលិចទៅកើត​​ ខណ:មេឃភ្លៀងយ៉ាងខ្លាំងលាយឡំខ្យល់បក់បោកខ្លាំង។ លុះមកដល់ចំណុចកើតហេតុ បានដួលម៉ូតូធ្លាក់ចូលក្នុងប្រលាយចិញ្ចើមផ្លូវ រួចក៏ហូរទៅតាមខ្សែទឹកចម្ងាយពីកន្លែងកើតហេតុប្រវែង​ ៣០​ ម៉ែត្របណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង។

ក្រោយមកប៉ូលិសជំនាញចុះពិនិត្យនៅកន្លែងកើតហេតុរួចបានសន្និដ្ឋានថា​ ករណីគ្រោះចរាចរណ៍នេះ បណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងខណ:មេឃភ្លៀងខ្លាំងមើលផ្លូវមិនឃើញទើប បណ្តាលឱ្យជនរងគ្រោះជិះធ្លាក់ប្រឡាយដួលឈ្លួកទឹកស្លាប់បែបនេះ។ ចំពោះសាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិ​យកទៅ​ធ្វើ​បុណ្យតាមប្រពៃណី​៕

adverise with khmeread