ត្រាំបញ្ចប់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកបញ្ចប់ទំនាក់ទំនងរបស់ប្រទេសមួយនេះជាមួយអង្គការសុខភាពពិភពលោក (WHO)។ នេះយោងតាម BBC ផ្សាយថ្ងៃសៅរ៍នេះ។

ប្រធានាធិបតីរូបនេះ បានចោទប្រកាន់អង្គការសុខភាពពិភពលោកពីការខកខានមិនបានចាត់ចែងក្រុងប៉េកាំងឱ្យទទួលខុសត្រូវចំពោះការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

លោកត្រាំបាននិយាយថា "ប្រទេសចិនគ្រប់គ្រងទាំងស្រុងទៅលើអង្គការសុខភាពពិភពលោក" ខណៈប្រកាសវិធានការនានា សំដៅដាក់ទណ្ឌកម្មលើទីក្រុងប៉េកាំង។ គាត់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រាក់ឱ្យទៅស្ថាប័នដទៃទៀត។

សហរដ្ឋអាមេរិកគឺជាអ្នករួមវិភាគទានដ៏ធំបំផុតតែមួយគត់របស់ទីភ្នាក់ងារសុខភាពពិភពលោក ដោយផ្តល់ថវិកាជាង ៤០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។

លោកត្រាំ ដែលកំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំនេះ និងត្រូវបានគេរិះគន់ចំពោះការគ្រប់គ្រងផ្ទាល់ខ្លួនរបស់គាត់ចំពោះជំងឺរាតត្បាតមួយនេះ បានបន្ទោសចិន ដែលបានព្យាយាមបិទបាំងការរីករាលដាលនៃវីរុសកូរ៉ូណា។

មនុស្សជាង ១០២.០០០នាក់នៅសហរដ្ឋអាមេរិកបានបាត់បង់ជីវិតដោយសារកូវីដ១៩ ដែលជាចំនួនស្លាប់ធំបំផុតនៅលើពិភពលោក៕ 


 

adverise with khmeread