កូរ៉េខាងត្បូងបិទសាលាម្តងទៀត ក្រោយផ្ទុះឡើងខ្លាំងជាថ្មីនៃកូវីដ១៩

សាលារៀនជាង២០០ ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្ខំឱ្យបិទក្នុងពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកវាបានបើកដំណើរការឡើងវិញ ដោយសារតែការកើនឡើងនូវករណីវីរុសកូរ៉ូណា។

កាលពីថ្ងៃពុធសិស្សនិស្សិតរាប់ពាន់នាក់បានវិលត្រឡប់ទៅសាលារៀនវិញ នៅពេលដែលប្រទេសនេះចាប់ផ្តើមបន្ធូរបន្ថយច្បាប់រឹតបន្តឹងទប់ស្កាត់វីរុសមួយនេះ។

ប៉ុន្តែត្រឹមតែមួយថ្ងៃបន្ទាប់ ករណីថ្មីចំនួន ៧៩ ត្រូវបានរាយការណ៍ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ២ខែមកនេះ។

ភាគច្រើននៃករណីទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងឃ្លាំងចែកចាយផលិតផលមួយកន្លែងនៅខាងក្រៅទីក្រុងសេអ៊ូល។

ឃ្លាំងដែលស្ថិតនៅក្នុងទីក្រុង Bucheon មួយនេះ គឺគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំជាងគេរបស់ប្រទេសនេះឈ្មោះ Coupang ហើយក្រុមមន្រ្តីបាននិយាយថា រោងចក្រផលិតមួយនេះមិនបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងវិធានការត្រួតពិនិត្យការឆ្លងរោគនោះទេ។ មន្ត្រីសុខាភិបាលថែមទាំងបានរកឃើញដានរបស់វីរុសកូវីដ១៩ លើស្បែកជើង និងសម្លៀកបំពាក់របស់កម្មករទៀតផង។

វាអាចទៅរួចដែលថាកូរ៉េខាងត្បូងនឹងបន្តឃើញនូវការកើនឡើងករណីជាច្រើនបន្ថែមទៀត ខណៈគេកំពុងបន្តធ្វើតេស្តបុគ្គលិករាប់ពាន់នាក់បន្ថែមទៀតពីរោងចក្រមួយនេះ។

ករណីថ្មីចំនួន៥៨ ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ដែលនាំឱ្យមានករណីសរុបទូទាំងប្រទេសមានដល់ ១១.៤០២ករណី៕ 


 

adverise with khmeread