ទាហានមួក​ខៀវ​កម្ពុជា​ម្នាក់​បានទទួល​មរណៈ​ភាព​ដោយសារតែ​ឆ្លង​ជំងឺ​កូ​វីដ-១៩នៅប្រទេស​ម៉ាលី

ភ្នំពេញ ៖ កងកម្លាំង​ទាហានមួក​ខៀវ​កម្ពុជា​ម្នាក់​បានទទួល​មរណៈ​ភាព​ដោយសារតែ​ឆ្លង​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ការបំពេញ​បេសកកម្ម​ការងារ​មនុស្សធម៌​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ​(​អ​.​ស​.​ប​)​ នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​២៩ ខែឧសភា ហើយ​ក្រសួងការពារជាតិ​កម្ពុ​ជា​កំពុងតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ខាង​ភាគី ​អ​.​ស​.​ប ​ដើម្បី​រិះរក​វិធី​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​សព​នាយទាហាន​រូបនេះ​។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ-១៩។

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ទទួលមរណភាព គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី ​អាយុ​៦៣​ឆ្នាំ។ ​ជា​នាយទាហាន​ថ្នាក់ជាតិ និង​ជា​យោធិន​ដ៏​ឆ្នើម​របស់​កម្ពុជា​ដែល​បានធ្វើ​ពលិកម្ម​ ការងារ​មនុស្ស​ធម៌ នៃ​អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី​កាលពី​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២០។

ដោយឡែកសម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​សម្តែង​ការសោកស្តាយ​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែលកំពុង​ប្រតិបត្តិការ​នៅ​សាធារណរដ្ឋ​ម៉ាលី ដែលជា​កម្លាំង​គាំទ្រ​ថ្នាក់ជាតិ បានទទួល​ការ​រាលដាលនៃ​ជំងឺ​កូ​វីដ ១៩ បាន​បាត់បង់​ជីវី​តម្នាក់​។ ក្រសួងការពារជាតិ​កំពុងតែ​សហការ​ជាមួយ​អង្គការសហប្រជាជាតិ ពីព្រោះ​សព​នេះ មិនមែនជា​សព​ធម្មតា​ទេ ពីព្រោះ​មរណភាព​នេះ ដោយសារ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ​គឺ​ត្រូវតែ​ពិភាក្សាគ្នា និង​ឯកភាព​ជាមួយ​ខាង​ជំនាញ​នៅ​ទីនោះ ដើម្បី​រិះរក​វិធី​ក្នុង​ការនាំ​សាកសព​មក​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គឺ​ត្រូវតែ​គោរព​ទៅតាម​ការសម្រេច​ខាង​ជំនាញ​នៅ​សាធារណរដ្ឋ​ម៉ាលី តើ​គេ​អនុញ្ញាត​ឱ្យនាំ​សាកសព​មក​ដោយ​របៀប​ណា​? 

សម្តេចបាន​បញ្ជាក់ថា ចំពោះ​កងទ័ព​មួ​ក​ខៀវ​កម្ពុជា​នៅ​សាធារណរដ្ឋ​ម៉ាលី​​ ៦​ នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​បានជា​សះស្បើយ​ធម្មតា​ឡើងវិញ​អស់ហើយ គឺ​មានតែ​លោកឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី ​ដែល​ធ្ងន់ធ្ងរ​រហូត​ទទួល​មរណៈ​តែម្តង​៕
 

adverise with khmeread