បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង ខណៈជិះម៉ូតូបុករថយន្តដែលខូចគាំងពីក្រោយ

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៤៣-០២៤៤  ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការប៉ូលិសស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះ ពៅ វិសា ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិជាមួយដែលត្រូវជាកូនបង្កើត។

លោកអធិការបន្តថា ដំបូងជនរងគ្រោះបានផឹកស៊ីនៅផ្ទះរួចបានបើកម៉ូតូនាំមិត្តភក្តិ ត្រឡប់ទៅផ្ទះវិញ ដោយមានកូនអាយុ៥ឆ្នាំទៅជាមួយ។ ពេលជូនមិត្តភក្តិដល់ផ្ទះត្រឡប់មកវិញ ក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើដំណើរពីទិសខាងលិចទៅកើត។

ពេលដល់ចំណុចកើតហេតុបានបុករថយន្តគ្រឿងម៉ាក DVO ពណ៌ក្រហម ពាក់​ស្លាកលេខភ្នំពេញ 3F-1121 ជារថយន្តដឹកហ្គាស ពីក្រោយដែលខូចឈប់ចតលើគន្លងម៉ូតូស្របទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូជាឪពុកបាក់ភ្លៅខាងស្តាំរបួសធ្ងន់ និងកូនចុកចុងដង្ហើម។ ជនរងគ្រោះទាំង២នាក់ឪពុក និងកូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា.ជប៉ុននៅស្រុកមង្គលបូរី។ 

រថយន្តខូចខាតស្រាល និងម៉ូតូខូចស្រាល ត្រូវបានប៉ូលិសជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread