ប៉ូលិសប៉ុស្តិ៍ព្រែកតាមាក់ ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកតាមាក់ឃាត់ខ្លួន នាថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១យប់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុច ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ នី វី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងឡឥដ្ឋ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០២កញ្ចប់តូច (ទំងន់០.១៨ក្រាម) និងម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ ចំនួន០១គ្រឿង។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកតាមាក់បានចេញល្បាតនៅភូមិសាស្រ្តរបស់ខ្លួនលុះមកដល់ចំណុចកើតហេតុក៏បានប្រទះឃើញឈ្មោះ នី វី ដោយមានការសង្ស័យកម្លាំងប៉ូលិសប៉ុស្តិ៍ក៏ឃាត់ឈ្មោះនី វី ធ្វើការសាកសួរ ហើយសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនចំនួន០២កញ្ចប់តូចនៅហោប៉ាវខោរបស់ឈ្មោះ នី វី ។ បន្ទាប់មកក៏បាននាំឈ្មោះ នី វី រួមជាមួយវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរឈ្មោះ នី វី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ចំពោះថ្នាំញៀនគឺខ្លួនទៅទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់ នៅក្នុងឡឥដ្ឋក្បែរស្ពានលេខ១២ សង្កាត់បាក់ខែង រាជធានីភ្នំពេញ ដោយទិញក្នុងតំលៃ២ម៉ឺនរៀលបានថ្នាំញៀនចំនួន០២កញ្ចប់តូចដើម្បីយកមកប្រើប្រាស់។

បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតែម្តង៕


 

adverise with khmeread