ភ្លើងឆេះផ្ទះស្លាប់មនុស្ស២នាក់នៅស្រុកថ្មគោល ប៉ូលិស «សង្ស័យជាករណីឃាតកម្ម»

បាត់ដំបង ៖ ករណីគ្រោះអគ្គិភ័យដែលកើងឡើងនៅស្រុកថ្មគោលបណ្តាលឱ្យស្លាប់មនុស្ស២នាក់ ប៉ូលិស «សង្ស័យជាករណីឃាតកម្ម» ហើយកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសបុរសដែលត្រូវជាប្តី និងជាឪពុកសាកសព បានគេចបាត់ដែលអាចជាមុខសញ្ញាសង្ស័យ។

ប៉ូលិសនិយាយថា គ្រោះអគ្គិភ័យខាងលើនេះបណ្តាលឱ្យមនុស្ស២នាក់ស្លាប់រួមមាន ១-ឈ្មោះ គិម ធឿន ភេទស្រី អាយុ ៥២ ឆ្នាំ (ត្រូវជាប្រពន្ធរបស់ឈ្មោះ យៃ ឡើយ ម្ចាស់ផ្ទះកើតហេតុ) និង២- ឈ្មោះ គិម សៀវម៉ី ភេទស្រី អាយុ១៨ឆ្នាំ ជាកូនម្ចាស់ផ្ទះ។ ចំណែកឈ្មោះ យៃ ឡើយ ត្រូវជាប្តី និងជាឪពុកបានគេចខ្លួន ត្រូវបានប៉ូលិសស្វែងរករហូតមកដល់ថ្ងៃទី២ មិថុនានេះ មិនទាន់ឃើញតម្រុយនៅឡើយ។

ប៉ូលិសបន្តថា នៅវេលាម៉ោង ០១ និង៤០នាទីរំលងអាធ្រាត្រនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានគ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងលំនៅដ្ឋានមួយ​ស្ថិតនៅក្រុមទី១២ ភូមិថ្មី​ ឃុំបន្សា​យ​ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែល​លំនៅ​ដ្ឋាននេះសាងសង់អំពីឈើ ប្រក់ដំបូលរួមទាំងជញ្ជាំងដោយស័ង្កសី មានម្ចាស់ផ្ទះឈ្មោះយៃ ឡើយ ភេទប្រុស អាយុ៥២ឆ្នាំ។

ខណៈពេលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោរស​ន្ធៅ ត្រូវបានអ្នកភូមិផ្តល់ព័ត៌មានដល់សមត្ថកិច្ចស្រុកថ្មគោល ហើយភ្លាមៗនោះបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ប៉ូលិសចេញអន្តរាគមន៍ជួយពន្លត់ជាបន្ទាន់ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកផង់ សុភាព អធិការ​ប៉ូលិសស្រុកថ្មគោល។ 

កិច្ចអន្តរាគមន៍ពន្លត់ អគ្គិភ័យបាន​រលត់ទាំងស្រុង ហើយនៅពេលនោះសមត្ថកិច្ចបានប្រទះឃើញសាកសពមនុស្សចំនួន០២នាក់​ស្ថិតនៅក្នុងលំនៅដ្ឋានកើតហេតុខាងលើ ដែលត្រូវបានអគ្គិភ័យឆាបឆេះមើលលែងស្គាល់អត្តស​ញ្ញាណទៅហើយ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនៅក្នុងលំនៅដ្ឋាន។

ក្រោយពេលសមត្ថកិច្ចកំពុងអន្តរា​គមន៍ពន្លត់អគ្គិភ័យនេះឈ្មោះ យៃ ឡើយ ជាប្តីនិង​ជាឪពុក ហើយជាម្ចាស់ផ្ទះមិនឃើញស្ថិតនៅ​ទីនោះទេ។ ដោយសារមានសាកសពមនុស្សស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះ លោកឧត្តមសេ​នីយ៍ទោ អ៊ុច សុខុន ស្នងការប៉ូលិសខេត្តបាត់ដំបង បានបញ្ជាទៅលោកវរ​សេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ​ព្រហ្មទណ្ឌនៃស្នងការដ្ឋានដឹកនាំធ្វើ​ការ​ស្រាវជ្រាវលើបញ្ហានេះ ។

នៅវេលាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ លោក​វរសេនីយ៍ទោ លឹម ពុទ្ធីឡា បានដឹកនាំធ្វើការពិនិត្យ លើសាកសពដែលស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះហើយឆ្លងតាមរយៈការពិនិត្យដោយល្អិតល្អន់ និងយកចិត្តទុកដាក់បំផុតនេះកំណត់​បានថាសាកសពទាំងពីរនោះគឺ ១-ឈ្មោះ គិម ធឿន ស្រី អាយុ ៥២ ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ យៃ ឡើយ ម្ចាស់ផ្ទះកើតហេតុនិង២- ឈ្មោះ គិម សៀវម៉ី ភេទស្រី អាយុ ១៨ ឆ្នាំ ជាកូនម្ចាស់ផ្ទះ។

ជាលទ្ធផលនៃការពិនិត្យបានឱ្យដឹងទៀតថា នៅ​លើខ្លួនសាកសពរបស់ជនរងគ្រោះទាំងពីរនាក់​នេះ មានស្លាកស្នាមរបួសផ្នែកក្បាលនិងផ្នែកក ដែលតាមរយៈលទ្ធផលនេះ ប៉ូលិសបានវាយតម្លៃនិងសន្និដ្ឋានបានថា «ករណីអគ្គិភ័យដែលបានកើតឡើងនាយប់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ ឈានចូលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០​២០ ក្នុងលំនៅដ្ឋានខាងលើគឺអាចជាករណី​ឃាតកម្មច្រើនជាង»។  

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា បានបញ្ជាក់​ថា ពេលនេះប៉ូលិសកំពុង​ធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកឈ្មោះ យៃ ឡើយ ដែលត្រូវជាប្តីនិងជាឪពុកដែលកំពុងបាត់មុខពីមូលដ្ឋាន ហើយក៏ជាមនុស្សដែលស្ថិតក្នុងការស័ង្សយចំពោះករណីខាងលើ​នេះ៕


 

adverise with khmeread