អតីតកីឡាករ Man Utd សញ្ជាតិអង់គ្លេស ងើបពីសន្លប់គ្រោះថ្នាក់ចរាចរណ៍ ចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញ ស្ទើរមិនគួរឱ្យជឿ

អតីតកីឡាករយុវជនបិសាចក្រហម Manchester United មួយរូបមកពីទីក្រុង Redditch តំបន់ Worcestershire ប្រទេសអង់គ្លេស បានភ្ញាក់ពីការសន្លប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយនិយាយភាសាបារាំងយ៉ាងរលូនដ៏គួរឱ្យភ្ញាក់ផ្អើល។

លោក​ Rory Curtis ដែលកាលនោះមានវ័យ ២២ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០១២ នៅលើផ្លូវហាយវ៉េ M42 ពេលដែលរថយន្តដឹកទំនិញម៉ាក Transit របស់គាត់បានបុកជាមួយនឹងរថយន្ត HGV មួយគ្រឿង។

មិនមាននរណាម្នាក់របួសធ្ងន់នោះទេ ប៉ុន្តែលោក Rory ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Queen Elizabeth Hospital ទីក្រុង Birmingham កន្លែងដែលគាត់បានដេកសន្លប់អស់ពេលមួយសប្តាហ៍។

លោក Rory បានទទួលរងរបួសបាក់ឆ្អឹងត្រគាក បាក់ឆ្អឹងកែងដៃ ហូរឈាមក្នុងខួរក្បាល និងរងរបួសខួរក្បាល។

ហើយនៅពេលគាត់ភ្ញាក់ឡើងគាត់ចាប់ផ្តើមនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញ ធ្វើឱ្យគ្រួសាររបស់គាត់ស្រឡាំងកាំងយ៉ាងខ្លាំង។

លោក Rory បាន​ប្រាប់ទៅវេបសាយ BBC ថា "ប៉ារបស់ខ្ញុំបានធ្វើការស្រាវជ្រាវរបស់គាត់ ហើយត្រកូល Curtis មានដើមកំណើតមកពី Normandi (តំបន់មួយស្ថិតក្នុងប្រទេសបារាំង) ប៉ុន្តែរឿងនោះគឺស្ថិតនៅក្នុងទសវត្សរ៍ឆ្នាំ១៨០០ ឯណោះ។ ប្រសិនបើអ្នកចូលទៅមើល YouTube ហើយវាយឈ្មោះរបស់ខ្ញុំនៅក្នុងនោះ មានទ្រឹស្តីប៉ុន្មានជាច្រើននៅទីនោះ ដែលគិតថាខួរក្បាលរបស់ខ្ញុំអាចក្រេបយកចំណេះដឹងបានគ្រប់ជំនាន់ក្រោយ។ ពិតជាឆ្កួតមែន"។

លោក Rory ក៏បានទទួលរងនូវអាការៈអាយុថយចុះផងដែរ ដោយគាត់បានងើបឡើង និងគិតថាខ្លួនគឺមានអាយុ ១០ឆ្នាំ។ គាត់បានងើបឡើងរំអុកម្តាយរបស់គាត់សម្រាប់ដំណឹងនៃឆ្កែរបស់ពួកគេ ដែលបានងាប់កាលពីមួយទសវត្សរ៍មុន។

Rory បានចេញពីមន្ទីរពេទ្យកាលពីខែវិច្ឆិកា ឆ្នាំ២០១២ ហើយបានចាប់ផ្តើមដំណើរការងើបពីបញ្ហាជំងឺដ៏ចម្លែកនេះក្នុងរយៈដ៏យូរ។

ហើយបន្ទាប់ពីបម្រើការក្នុងនាមជាសាស្រ្តាចារ្យមួយរូបនៅឯសកលវិទ្យាល័យ South and City College Birmingham បង្រៀនជាងកាត់សក់ បច្ចុប្បន្នគាត់បានបើកហាងមួយដោយខ្លួនឯងឈ្មោះ Charlie Parker's Cut Throat & Coffee ក្នុងទីក្រុង Worcester៕ 


 

adverise with khmeread