បុរសចិនស្រវឹងបានបើករថយន្តទៅបុករះម៉ូតូនិងរថយន្ត នៅច្រកចូលវត្តអង្គតាម៉ិញ

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាកព្រូសយ៉ាងលឿនទៅបុករថយន្ត វីហ្គោ ដែលកំពុងតែជួសជុល បណ្ដាលឱ្យរអិលទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសកូនក្មេងម្នាក់ដែលឈរជិតម៉ូតូរលាត់ដៃរលាត់ជើង និងរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអង្គារ ទី ២ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចមុខសាលារៀនអន្តរជាតិហ្វាម៉ាលីឃីតផ្លូវបេតុងច្រកចូលវត្តអង្គតាម៉ិញ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AT.7135 បើកបរដោយជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើកតាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាម៉ិញទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្ត វីហ្គោពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J.0206 ដែលកំពុងតែជួសជុលនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរអិលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BV.0607 កល់ជាប់ទៅមុខលែងរួច និងរងរបួសក្មេងតូចម្នាក់រលាត់ដៃជើង ភ្លាមៗឪពុកម្តាយបានដឹកទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ក្រោយមកក៏មានសមត្ថកិច្ចចុះមកដល់ឱ្យភាគី ទាំងសងខាងសម្របសម្រួលគ្នាតែដោយសារតែសម្របសម្រួលមិនត្រូវក៏ទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


 

adverise with khmeread