បុរសម្នាក់នៅសុខៗធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឱ្យស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឱ្យស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបើកកង់បីសុខៗក៏ងងឹតមុខធ្លាក់បោកក្បាលនឹងថ្នល់ កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតផ្សារប៉េសេប្រមាណ២០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ វ៉ែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីឥណ្ឌា រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បានស្លាប់ចោលប្រពន្ធនិងកូន២នាក់ឱ្យនៅកំព្រា ដែលបើកម៉ូតូកង់បីឥណ្ឌា ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1HC.6744។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសជាជនរងគ្រោះខាងលើ បានបើកម៉ូតូកង់បីឥណ្ឌាចេញពីផ្សារប៉េសេ ឆ្លងផ្លូវទៅឆ្វេងដៃតាមបណ្ដោយផ្លូវលេខ៣៧១ ទិសដៅពីលិចទៅកើត។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញធ្លាក់ពីលើកង់បីបណ្ដាលឱ្យរងរបួសធ្ងន់។ បន្ទាប់មកប្រជាពលរដ្ឋជួយធ្វើចលនាបេះដូង និងទាក់ទងទៅរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ តែអកុសលដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់បាត់ទៅ។

បើយោងតាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយបេះដូងរីក ហើយក៏លេបថ្នាំជារៀងរាល់ថ្ងៃមិនដឹងថា ថ្ងៃនេះគាត់អស់កម្លាំងឬក៏វិលមុខយ៉ាងម៉េចទេ បណ្ដាលឱ្យធ្លាក់ពីលើកង់បីស្លាប់បែបនេះ ចោលប្រពន្ធនិងកូនតូចៗ។

ក្រោយមកខាងគ្លីនិកឯកជនក៏បានទំនាក់ទំនងតាមទូរស័ព្ទប្រាប់សាច់ញាតិឱ្យមកយកជនរងគ្រោះទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread