Index

កាប់គេរយះក្បាលគេចខ្លួនបាន៤ថ្ងៃ ជាប់ខ្នោះប៉ូលិស

      ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួនកាលល្ងាចថ្ងៃទី១៥ធ្នូឆ្នាំ២០១៥នៅនៅចំណុចមុខផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅបន្ទាប់ពីបានប្រើហិង្សាដោយចេតនាប្រើកាំបិតកាប់បណ្តាលឲ្យរបួសធ្ងន់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ១២ធ្នូកន្លងមក។
     ប៉ូលិសខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មួង ជីឡា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិ ចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅរបួសរយះក្បាល ។ ចំណែកជនសង្ស័យឈ្មោះសាំង រដ្ឋា ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ។
    ប៉ូលិសបន្តថា ដំបូងជនរងគ្រោះនិងមិត្តភក្តិបាននាំគ្នាអង្គុយហូបបាយនៅមុខផ្ទះកើតហេតុ ពេលនោះជនសង្ស័យឈ្មោះសាំង រដ្ឋា និងឈ្មោះគង់ សុខហួ នាំគ្នាដើរមកដល់ រួចជនសង្ស័យឈ្មោះសាំង រដ្ឋា បានយកកាំបិតផ្គាក់គ្មានដង កាប់ទៅលើជនរងគ្រោះចំក្បាលរងរបួសធ្ងន់ រួចជនសង្ស័យទាំង២នាក់ នាំគ្នាយកកាំបិតដេញកាប់ និងគប់ទៅលើជនរងគ្រោះទៀត តែគប់មិនត្រូវ ហើយក៏នាំគ្នាគេចខ្លួន ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅ គ្លីនិកឯកជន។
    ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី១៥ធ្នូឆ្នាំ២០១៥ម៉ោង៤និង២០នាទីល្ងាចប៉ូលិសឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះសាំង រដ្ឋា នៅចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ  តាមចំណារអនុញ្ញាតលេខ ៤០៧អ យ ប ចុះថ្ងៃទី១៤ធ្នូឆ្នាំ២០១៥របស់លោក សិុន វិរ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
    បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់