កាសែតរដ្ឋចិនអះអាងថាអាមេរិកជាប្រទេសបរាជ័យដឹកនាំដោយប្រធានាធិបតីប្រកាន់ជាតិសាសន៍

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំងបានអះអាងថាសហរដ្ឋអាមេរិកបានធ្លាក់ចូលទៅក្នុង "រដ្ឋបរាជ័យ" ចំពេលមានការប្រមូលផ្តុំគ្នាតវ៉ានៅទូទាំងសហរដ្ឋអាមេរិកនិងបានស្តីបន្ទោសលោកដូណាល់ត្រាំថាជា "ប្រធានាធិបតីប្រកាន់ជាតិសាសន៍"។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៣មិថុនា។

កាសែតឃោសនារបស់រដ្ឋ Global Times បានស្តីបន្ទោសប្រធានាធិបតីត្រាំថាជា "មនុស្សទន់ជ្រាយ គ្មានទំនួលខុសត្រូវ និងអសមត្ថភាព" ហើយបានចោទប្រកាន់ពួកអ្នកនយោបាយអាមេរិកថាបានស្តីបន្ទោសចិនចំពោះការតវ៉ាដែលកំពុងផ្ទុះឡើងនៅសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានរង្គោះរង្គើដោយភាពច្របូកច្របល់ចំនួន ៧ យប់ជាប់ៗគ្នាចាប់តាំងពីលោក George Floyd ដែលជាបុរសស្បែកខ្មៅ ត្រូវបានសម្លាប់នៅទីក្រុង Minneapolis បន្ទាប់ពីប៉ូលិសស្បែកសឈ្មោះ Derek Chauvin សង្កត់កគាត់រហូតដល់ស្លាប់កាលពីថ្ងៃចន្ទទី២៥ឧសភា។

Floyd ដែលជាប់ខ្នោះនៅគ្រានោះ បានស្លាប់បន្ទាប់ពីប៉ូលិសឈ្មោះ Chauvin ព្រងើយកន្តើយនឹងការស្រែកពីអ្នកឈរមើលដើម្បីឱ្យគាត់ដកជង្គង់ចេញ និង សម្រែករបស់ Floyd ថាគាត់មិនអាចដកដង្ហើមបាន។

មរណភាពរបស់គាត់បានបង្កឱ្យមានការតវ៉ាជាច្រើនថ្ងៃនៅទីក្រុង Minneapolis ដែលបានរាលដាលដល់ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។

ខណៈបាតុកម្មជាច្រើននៅទូទាំងប្រទេសធ្វើឡើងដោយសន្តិវិធី បាតុកម្មផ្សេងទៀតបានធ្លាក់ចូលក្នុងអំពើហិង្សាទោះបីមានបម្រាមគោចរនៅតាមទីក្រុងជាច្រើននិងការដាក់ពង្រាយសមាជិកឆ្មាំជាតិរាប់ពាន់នាក់កាលពីសប្តាហ៍មុនក៏ដោយ។

ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃចន្ទទី១មិថុនាបានគំរាមយកយោធាធ្វើអន្តរាគមន៍ បើស្ថានភាពកាន់តែតានតឹងខ្លាំងឡើង៕ 

adverise with khmeread