មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ មរណភាពរបស់ Floyd បង្ហាញមុខមាត់ពិតរបស់សហរដ្ឋអាមេរិក

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា ការស្លាប់របស់ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់ដែលគ្មានអាវុធ ខណៈពេលស្ថិតក្នុងការចាប់ខ្លួនពីប៉ូលិស បង្ហាញពីមុខមាត់ពិតរបស់សហរដ្ឋអាមេរិក។

លោក Khamenei បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធទី៣មិថុនាថា "ប៉ូលិសម្នាក់នោះដាក់ជង្គង់នៅលើកញ្ចឹងករបស់មនុស្សស្បែកខ្មៅហើយបន្តសង្កត់ពីលើនោះ... ខណៈពេលដែលប៉ូលិសដទៃទៀតបានឈរមើលនៅទីនោះ ហើយមិនបញ្ចេញសកម្មភាពអ្វីសោះ មិនមែនជាអ្វីដែលទើបតែលេចចេញមកនោះទេ"។

គាត់បានបន្តថា "នេះជាចរិតពិតរបស់អាមេរិក នេះគឺជាអ្វីដែលអាមេរិកបាននិងកំពុងធ្វើចំពោះពិភពលោកទាំងមូល"។

ភាពតានតឹងរួចជាស្រេចរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែយ៉ាបយ៉ឺនបន្ថែមទៀតកាលពីដើមឆ្នាំនេះ បន្ទាប់ពីអាមេរិកបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់មួយរូបនៅក្នុងការវាយប្រហារដោយដ្រូនកាលពីខែមករា។

កាលពីឆ្នាំមុន អ៊ីរ៉ង់មានការធ្វើបាតុកម្មដ៏ធំផ្ទាល់ខ្លួនប្រឆាំងនឹងការឡើងថ្លៃប្រេង។ យោងតាមអង្គការលើកលែងទោសអន្តរជាតិ មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបប្រឆាំងនឹងភាពវឹកវរនេះ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនតាមអំពើចិត្ត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត