ទំនាស់វាយគ្នានៅកន្លែងលេងខ្លាឃ្លោកត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន​ នាថ្ងៃទី៤ មិថុនា​ ក្នុងករណីប្រើអំពើហិង្សាដោយចេតនាប្រើដៃវាយ បណ្តាលឱ្យរងរបួសនៅមុខផ្ទះ២៩ស ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ថ្ងៃទី០២ មិថុនា ឆ្នាំ២០២០ ម៉ោង៩ និង៣០នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ផៃ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលស្នាក់នៅភូមិកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ ឈួរ គីមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុ។

ប៉ូលិសបន្តថា​ មុនដំបូងជនសង្ស័យជាអ្នក ធ្វើមេខ្លាឃ្លោក រួចជនរងគ្រោះប្រាប់ថាចាក់ឃ្លោក១០ម៉ឺនរៀល។ ពេលនោះបងប្រុសជនសង្ស័យឈ្មោះ ឈួរ គីមសាន កាច់លុយជនរងគ្រោះទៅចាក់ត្រីវិញ ហើយក៏ចេញត្រីត្រូវ ពេលឆែកមើលលុយមានតែ៨ម៉ឺន រៀល រួចឈ្មោះ ឈួរ គឹមសាន ក៏ឱ្យជនរងគ្រោះ ថែម២ម៉ឺនរៀលទៀត តែជនរងគ្រោះមិនឱ្យ ក៏មានទំនាស់ជេរប្រមាថគ្នាទៅវិញទៅមក។ 

ពេលនោះជនសង្ស័យខឹងដើរទៅវាយជនរងគ្រោះមួយដៃចំកញ្ចឹងក និងវាយមួយដៃទៀត ចំមុខ បណ្តាលឱ្យឈាមច្រមុះដួលទៅលើផ្លូវសន្លប់បាត់ស្មារតី ហើយក៏មានអ្នកជិតខាងជួយឃាត់ រួចជនសង្ស័យក៏ដើរគេចចេញទៅបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅគ្លីនិចច្បារអំពៅ។ 

លុះដល់ថ្ងៃទី០៤ មិថុនា ២០២០ ម៉ោង៣ និង៣០នាទីរសៀល ជនសង្ស័យភូមិកើតហេតុខាងលើ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន មកអធិការដ្ឋានខណ្ឌច្បារអំពៅ៕

adverise with khmeread