ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន Dentsu ជម្លៀសបុគ្គលិកចេញពីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ក្រោយមានការគំរាមបំផ្ទុះគ្រាប់បែក

ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន Dentsu Group Inc បានជម្លៀសបុគ្គលិកចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងតូក្យូ បន្ទាប់ពីទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ នេះយោងតាមសារព័ត៌មានសិង្ហបុរី Asiaone ផ្សាយកាលពីថ្ងៃសុក្រទី៥មិថុនា។

នៅក្នុងអ៊ីមែលផ្ញើទៅបុគ្គលិក ក្រុមហ៊ុននេះបានស្រង់សារដែលផ្ញើទៅគេហទំព័ររបស់ខ្លួនថា "ការព្រមានអំពីការផ្ទុះនៅអគារ Shiodome របស់ទីស្នាក់ការកណ្តាលក្រុមហ៊ុន Dentsu ជាមួយឱសានវាទគឺកំណត់នៅម៉ោង ៧ ព្រឹកថ្ងៃទី៧ ខែមិថុនាថ្ងៃអាទិត្យ"។

ក្រុមហ៊ុន Dentsu បានបញ្ជាក់ថា ខ្លួនបានបិទទ្វារអគារ ដោយសារតែការគំរាមបំផ្ទុះគ្រាប់បែក ហើយបាននិយាយថាបានជូនដំណឹងដល់អាជ្ញាធរ។

ក្រុមហ៊ុនមួយនេះបាននិយាយតាមអ៊ីមែលថា ការចូលអគារនេះត្រូវបានហាមឃាត់នៅចុងសប្តាហ៍។ Dentsu បានដាក់ចេញនូវវិធានការការងារពីផ្ទះរួចទៅហើយផងដែរ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។

ក្រុមហ៊ុននេះគឺជាចំណុចផ្តោតសំខាន់នៃការត្រួតពិនិត្យផ្នែកនយោបាយ ដោយបានទទួលថវិកាជិត ៧០០លានដុល្លារអាមេរិករបស់រដ្ឋាភិបាល ដើម្បីជួយដំណើរការកម្មវិធីផ្តល់ជំនួយគ្រាផ្ទុះជំងឺកូរ៉ូណា តាមរយៈផែនការមួយ ដែលគេពណ៌នាថាគ្មានភាពច្បាស់លាស់៕ ប្រភព៖ Asiaone 

adverise with khmeread