ប៉ូលិស ៥៧ នាក់មកពីក្រុង Buffalo របស់អាមេរិកនាំគ្នាលាឈប់ពីការងារដើម្បីគាំទ្រដល់ប៉ូលិស២នាក់ដែលគេបញ្ឈរជើងដោយសារច្រានបុរសចំណាស់ម្នាក់ដួលបែកក្បាល (មានវីដេអូ)

សមាជិកទាំង ៥៧ នាក់នៃក្រុមប្រតិកម្មបន្ទាន់នៃនាយកដ្ឋានប៉ូលិសក្រុង Buffalo នៃរដ្ឋញូវយ៉កបានលាឈប់ពីអង្គភាពកាលពីថ្ងៃសុក្រទី៥មិថុនាក្នុងការបង្ហាញការគាំទ្រដល់មន្រ្តីពីររូប ដែលគេផ្អាកពីការងារដោយមិនទទួលបានប្រាក់កម្រៃ បន្ទាប់ពីត្រូវគេថតជាប់រុញបុរសចំណាស់វ័យ ៧៥ឆ្នាំម្នាក់ដួលផ្ងារក្រោយបែកក្បាលកាលពីថ្ងៃព្រហស្បតិ៍។

នៅរសៀលថ្ងៃសុក្រប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចាប់ផ្តើមរាយការណ៍ថាក្រុមប្រតិកម្មបន្ទាន់ (ERT) ទាំងមូលដែលមានគ្នាចំនួនសរុប ៥៧ នាក់បានលាឈប់ពីអង្គភាពយុទ្ធសាស្ត្ររបស់ពួកគេដើម្បីបង្ហាញសាមគ្គីភាពជាមួយមន្រ្តីដែលគេផ្អាកទាំង ២ នាក់។

ប្រធានសហជីពតំណាងឱ្យមន្រ្តីប៉ូលិសក្រុង Buffalo ក្រោយមកបានបញ្ជាក់ថា ERT ទាំងមូលបានលាលែងហើយ។

រឿងទាំងអស់នេះផ្តើមចេញពីការប៉ះទង្គិចគ្នារវាងប៉ូលិសនិងបាតុករជាក់ស្តែងនៅល្ងាចថ្ងៃព្រហស្បតិ៍ភ្លាមៗបន្ទាប់ពីបម្រាមគោចររបស់ក្រុង Buffalo បានចាប់ផ្តើម។ វីដេអូបានរាលដាលយ៉ាងឆាប់រហ័សនៅយប់ថ្ងៃព្រហស្បតិ៍។

វីដេអូបង្ហាញពីក្រុមប៉ូលិសមួយក្រុមដែលមានប្រដាប់ប្រដាប្រឆាំងកុបកម្មដើរឆ្លងកាត់ទីលាន Niagara នៅពេលដែលបុរសចំណាស់ម្នាក់បានចូលទៅជិតហើយព្យាយាមនិយាយជាមួយមន្រ្តីទាំងនោះ។

គេអាចឮសំឡេងស្រែកថា "រុញគាត់ត្រឡប់ទៅវិញ!" មន្រ្តីម្នាក់លើកដំបងចង្អុលមុខគាត់ ខណៈម្នាក់ទៀតរុញទ្រូងរបស់បុរសនោះ បណ្ដាលឱ្យផ្ងារក្រោយបែកក្បាលសន្លប់ស្ដូកស្ដឹង។

បុរសដែលមានអាយុ ៧៥ឆ្នាំក្រោយមកត្រូវបានគេស្គាល់ឈ្មោះថា Martin Gugino បានដួលផ្ញារក្រោយនិងដេកលើដីដោយបាត់ស្មារតីឈឹង ខណៈដែលថ្លុកឈាមត្រូវគេឃើញយកចេញពីក្រោយខ្នងគាត់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត