បាតុករម៉ិកស៊ិកដុតប៉ូលិសទាំងរស់ អំឡុងការត​វ៉ារឿងប៉ូលិសធ្វើឱ្យស្លាប់បុរសម្នាក់ពេលចាប់ខ្លួនពីបទអត់ពាក់ម៉ាស់

វីដេអូដ៏រន្ធត់មួយបានបង្ហាញមន្ត្រីប៉ូលិសម្នាក់ត្រូវដុតទាំងរស់ដោយក្រុមបាតុករក្នុងប្រទេសម៉ិកស៊ិក ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងសាហាវជុំវិញការស្លាប់បុរសម្នាក់ បន្ទាប់ពីគាត់ត្រូវបានវាយដំក្នុងពេលប៉ូលិសចាប់ខ្លួន។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកតវ៉ាបានដើរតាមផ្លូវក្រុង Guadalajara ដែលជាទីក្រុងធំទី ២ របស់ប្រទេសនេះនិងបានអំពាវនាវឱ្យអាជ្ញាធរទទួលខុសត្រូវចំពោះការស្លាប់របស់លោក Giovanni López។

លោក Lopez ត្រូវបានប្រកាសស្លាប់នៅឯមន្ទីរពេទ្យក្នុងតំបន់ បន្ទាប់ពីមានការទាស់ទែងគ្នាជាមួយប៉ូលិស ដោយសារតែគាត់មិនបានពាក់ម៉ាស់ ចំពេលមានការរីករាលដាលនៃជំងឺកូរ៉ូណា។

វីដេអូពីការធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញមន្រ្តីប៉ូលិសម្នាក់បានចាកចេញពីក្រុមអ្នកតវ៉ា ហើយបានជិះម៉ូតូចេញទៅ មុនពេលបុរសម្នាក់យកសាំងចាក់ដុតគាត់។

រដ្ឋអាជ្ញានៃរដ្ឋ Jalisco លោក Octavio Solís បានប្រកាសកាលពីថ្ងៃសុក្រថាសមាជិក ៣ នាក់នៃនាយកដ្ឋានប៉ូលិសក្រុង Guadalajara  ត្រូវបានចាប់ខ្លួនរួមទាំងមេប៉ូលិសផងដែរ។

អភិបាលក្រុងលោក Enrique Alfaro បាននិយាយថារដ្ឋបានបន្តចូលមកកាន់កាប់កងកម្លាំងប៉ូលិសរបស់ក្រុង ហើយថាមន្ត្រីរបស់ខ្លួនកំពុងទទួលការបណ្តុះបណ្តាលបន្ថែមទៀត។ លោក Alfaro បានមានប្រសាសន៍ថាប៉ូលិសណាមួយដែលមិនបំពេញតាមស្តង់ដារប៉ូលិសនឹងត្រូវបណ្តេញចេញ។

លោក Alfaro និយាយថា ប៉ូលិស ៦នាក់រងរបួសក្នុងអំឡុងបាតុកម្ម រួមទាំងប៉ូលិសដែលត្រូវបានគេដុតលើម៉ូតូនោះដែរ ហើយបាតុករ ២៧នាក់ត្រូវបានចាប់ខ្លួន៕ 

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត